(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា ការភ្ជាប់ការដឹកជញ្ជូនពីតំបន់ផលិតកសិកម្ម ទៅកាន់មាត់ច្រកនាំចេញ ដូចជាកំពង់ផែ ឬព្រលានយន្តហោះ គឺជាកត្តាសំខាន់ជំរុញការនាំចេញ។

ថ្លែងក្នុង​កម្មវិធី Fresh Business ឧកញ៉ា ស៊ិន ចន្ធី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ​ហេដ្ឋារចនាសម្ព័ននៅកម្ពុជា មានភាពប្រសើរហើយ ប៉ុន្តែយ៉ាងនេះក្តីតំបន់ ​ដែលមានសក្តានុពលផលិតកសិផលសម្រាប់នាំចេញ ហាក់មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធល្បឿនលឿនតភ្ជាប់​មកកាន់កំពងផែ ឬព្រលានយន្តហោះ ដើម្បីនាំចេញនៅឡើយទេ ខណៈបច្ចុប្បន្ននេះ តម្លៃដឹកជញ្ជូនបានរួមចំណែកប្រមាណ ៣០%នៃថ្លៃដើមផលិត ដែលធ្វើឱ្យកសិផលរបស់កម្ពុជា មានតម្លៃថ្លៃបើធៀបនឹងប្រទេសជិតខាង។

ការមិនទាន់មានការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធពីតំបន់ផលិតកសិកម្ម ទៅកាន់មាត់ច្រកនាំចេញនេះ គឺជាហេតុដែលនាំឱ្យកសិផលរបស់កម្ពុជា ដែល​មិនទាន់កែច្នៃភាគច្រើននាំចេញទៅប្រទេសជិតខាង។​ ​

លោកថា ជាក់ស្តែងនៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ជាខេត្តដែលដាំដុះកសិផលសម្រាប់នាំចេញដូចជាពោត ដំឡូងមី មៀនប៉ៃលិនជាដើម គឺនៅឆ្ងាយពីតំបន់កំពង់ផែ ហើយមិនទាន់មានផ្លូវរថភ្លើងល្បឿនលឿន សម្រាប់ដឹកកសិផលមកកំពង់ផែនាំចេញ នៅឡើយទេ៕