(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា វិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា បានជួបព្យុះភ្លៀងច្រើន ដែលទើបបណ្ដាលឲ្យវិស័យមួយនេះមានការរាំងស្ទះ និងការរីកចម្រើនហាក់មិនសូវបានច្រើន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានសមាគមភស្តុភារកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី Fresh Business របស់បណ្តាញព័ត៌មាន Fresh News។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា ការរីកចម្រើនលើវិស័យដឹកជញ្ជូន ហាក់មានតិចនៅឡើយ ឃើញថា ៣ឆ្នាំចុងក្រោយ ពី២០២០ មកដល់២០២៣ បានឆ្លងកាត់ព្យុះភ្លៀងច្រើនណាស់បានដល់ម៉ោងនេះ ក៏នៅតែមានព្យុះមួយ រៀបនឹងកើតឡើងទៀត»

ទន្ទឹមគ្នានេះ លោកប្រធានបានឲ្យដឹងថា រយៈពេល៥ឆ្នាំនេះ វិស័យដឹកជញ្ជូន មានការរីកចម្រើន ប៉ុន្តែនៅក្នុងរង្វង់ ២០ភាគរយប៉ុណ្ណោះ។ លោកថា ការរីកចម្រើន ខាងផ្នែកដឹកជញ្ជូននេះ ក៏ឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ ព្រោះថា វិស័យទាំងពីរនេះ គឺដើរទន្ទឹមគ្នា៕