(ភ្នំពេញ)៖ ឧកញ៉ា ស៉ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបង្ហាញពីហេតុផលធំៗ៣ ដែលនាំឱ្យថ្លៃឡូជីស្ទិច (Logistics) កម្ពុជា នៅមានកម្រិតខ្ពស់។

លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះការដឹកជញ្ជូនតាមផ្លូវទឹក កម្ពុជាពុំទាន់មានផែទឹកជ្រៅ ដើម្បីទទួលចតកប៉ាល់ធំៗ សម្រាប់ដឹកជញ្ជូនទំនិញនោះឡើយ ចំណែការដឹកជញ្ជូនតាមផ្លូវអាកាសក៏ដូចគ្នា កម្ពុជាពុំទាន់មានយន្ដហោះខ្នាតធំ ដឹកជញ្ជូនទំនិញនៅឡើយទេ ដោយសារការដឹកជញ្ជូនទំនិញម្ដងៗ ត្រូវប្រើប្រាស់មធ្យោបាយជាច្រើនដំណាក់កាល ចំណែកទំនិញដែលត្រូវបានដឹកជញ្ជូនមានបរិមាណតិច ទើបធ្វើឲ្យការដឹកជញ្ជូនមានតម្លៃខ្ពស់ បើធៀបនឹងបណ្ដាប្រទេសជិតខាង។

ការលើកឡើងរ​បស់លោកឧកញ៉ា ស៉ិន ចន្ធី ធ្វើឡើងក្នុងកម្មវិធី Fresh Business របស់បណ្តាញព័ត៌មាន Fresh News។

ឧកញ៉ា ស៉ិន ចន្ធី បានថ្លែងថា នៅកម្ពុជាបើតាមរបាយការណ៍ របស់ធនាគារពិភពលោក ដូចជាការស្រាវជ្រាវរបស់សមាគម បានមើលឃើញថា កម្ពុជាថ្លៃឡូជីស្ទិចមានរហូតតម្លៃដល់ ២៦.៦ភាគរយ ខណៈប្រទេសវៀតណាមប្រមាណតែ ២០ភាគរយប៉ុណ្ណោះ ថៃចំនួន១៤ភាគរយ ចំណែកប្រទេសសិង្ហបុរីមាន ៨-៩ភាគរយប៉ុណ្ណោះ។

លោកឧកញ៉ាបានបញ្ជាក់ថា ហេតុអ្វីបានជាកម្ពុជាមានតម្លៃឡូជីស្ទីកថ្លៃជាងគេ? គឺដោយសារតែតម្លៃដឹកជញ្ជូន, តម្លៃរដ្ឋបាល និងតម្លៃវេចខ្ចប់។ តម្លៃដឹកជញ្ជូន ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្នកម្ពុជាពុំទាន់មានកំពង់ផែទឹកជ្រៅនៅឡើយទេ ដោយការចូលរបស់កប៉ាល គឺមានតែប្រភេទកប៉ាលតូចៗតែប៉ុណ្ណោះ ដូច្នេះការនាំចេញដូចគ្នា គឺតម្រូវធ្វើ២-៣ត ដែលធ្វើឲ្យតម្លៃ គឺថ្លៃជាងគេបន្ដិច។ ជាក់ស្ដែងសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសមកដល់ពេលនេះ ក៏ពុំទាន់មានយន្ដហោះធំៗដឹកទំនិញនៅឡើយ ដោយយើងបានដឹកទំនិញតាមយន្ដហោះតូចៗប៉ុណ្ណោះ និងក្នុងបរិមាណតិច កត្តាទាំងនេះដែលធ្វើឲ្យតម្លៃឡើងថ្លៃ។

លោកឧកញ៉ា ស៉ិន ចន្ធី បានបញ្ជាក់ថា ចំពោះការដឹកជញ្ជូនផ្លូវគោក តាមរយៈរថភ្លើង និងតាមរថយន្ដ ដែលមានតម្លៃថ្លៃក៏ព្រោះថា យើងមានតែការដឹកជញ្ជូនទៅតែប៉ុណ្ណោះ មានន័យថា ប្រសិនជាជួលរថយន្ដដឹកជញ្ជូនទំនិញទៅកាន់ទីតាំងណាមួយ គឺយើងមានតែទំនិញដែលដឹកទៅប៉ុណ្ណោះ ប៉ុន្ដែនៅពេលត្រឡប់មកវិញពុំមានទំនិញដឹកនោះទេ គឺទទេស្អាត ដូច្នេះហើយបានជាតម្លៃដឹកជញ្ជូនតាមផ្លូវគោកក៏នៅតែថ្លៃ​។

លោកឧកញ៉ាពន្យល់បន្ថែមថា ចំពោះថ្លៃរដ្ឋបាល អ្វីជាថ្លៃរដ្ឋបាល? បច្ចុប្បន្ននេះយើងនៅតែរត់ការដដែលព្រោះថា ពុំទាន់មានចូលនៅក្នុងប្រព័ន្ធពេញលេញនៅឡើយទេ ទោះបីជារដ្ឋាភិបាលបានដាក់ចេញទៅហើយ លើឌីជីថលនេះក្ដី ព្រោះថារហូតមកដល់ពេលនេះ យើងពុំទាន់បានប្រើប្រាស់ប្រព័ន្ធឌីជីថល ១០០ភាគរយនៅឡើយទេ គឺមានចន្លោះ៥០-៦០ភាគរយប៉ុណ្ណោះ ដូច្នេះបច្ចុប្បន្ននេះយើងនៅតែកាន់ឯកសាររត់ការដដែល ដូច្នេះហើយទើបធ្វើឲ្យមានការចំណាយផ្សេងៗជាច្រើន។

លោកឧកញ៉ា ស៉ិន ចន្ធី ចំពោះការចំណាយលើការវេចខ្ចប់ និងឃ្លាំង ដូចយើងបានដឹងហើយថា បច្ចុប្បន្ននេះតម្លៃអគ្គិសនីក៏មានតម្លៃថ្លៃ ជាពិសេសឃ្លាំងត្រជាក់ គឺត្រូវប្រើអគ្គិសនីជាប់រហូត ដោយមិនអាចឈប់បានឡើយ៕