(ភ្នំពេញ)៖​ ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងថា ​ចាប់ពីចុងខែមករា ឆ្នាំ២០២៤​ តម្លៃដឹកជញ្ជូនពីកម្ពុជាទៅកាន់តំបន់អឺរ៉ុប នឹងកើនឡើងចន្លោះពី៣០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយកុងតឺន័រ លើតម្លៃដឹកជញ្ជូនបច្ចុប្បន្ន ដែលបង្កការព្រួយបារម្ភ និងបញ្ហាប្រឈមថ្មីមួយទៀត សម្រាប់វិស័យដឹកជញ្ជូន។

ថ្លែងក្នុង​កម្មវិធី Fresh Business ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ​ការកើនឡើងនៃតម្លៃដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុប គឺដោយបញ្ហាសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលបង្កើតឱ្យក្រុមឧទាមជាច្រើន។ ​ថ្មីៗនេះ ក្រុមឧ​ទាម​ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ បាបង្កការគំរាមកំហែង និងធ្វើទុកបុកម្នេញដល់កប៉ាល់ដឹកជញ្ជូនទំនិញពី​តំបន់អឺរ៉ុប ដែលធ្វើឱ្យនាវាដឹកជញ្ជូនទំនិញពីអឺរ៉ុបមកអាស៊ី​ ត្រូវប្រើផ្លូវវាងដែលមាន​ចម្ងាយផ្លូវឆ្ងាយជាងផ្លូវបច្ចុប្បន្ន រាប់ពាន់គីឡូម៉ែត្រ ហេតុនេះទើបកប៉ាល់ដឹកជញ្ជូនទំនិញមួយចំនួន បានចាប់ផ្តើមប្រកាសថា ខ្លួនដំឡើងថ្លៃដឹកជញ្ជូនទំនិញពីអឺរ៉ុប មកតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ប្រមាណ ៣០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយកុងតឺន័រ លើតម្លៃបច្ចុប្បន្ន។

បើតាមលោក ស៊ិន ចន្ធី បច្ចុប្បន្ននេះ តម្លៃដឹកជញ្ជូនពីអឺរ៉ុបមកតំបន់អាស៊ី មានតម្លៃចន្លោះពីជាង ២ពាន់ដុល្លារទៅ ៣ពាន់ដុល្លារ ក្នុងមួយកុងតឺន័រ។ ​

លោកបានពន្យល់បន្តថា «ក្រុម​ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង មានការគំរាមកំហែងផ្លូវច្រកដឹកជញ្ជូន ឥឡូវនេះកប៉ាល់មួយចំនួន ដែលធ្វើដំណើរចេញពីអឺរ៉ុប ឆ្លងតាមសមុទ្រមេឌីទែរ៉ានេ ចូលមកសមុទ្រក្រហម គឺមានការគំរាមកំហែង ដោយសារការធ្វើទុក្ខបុកម្នេញពីក្រុមហ៊ូទី។ អីចឹងក្រុមហ៊ុនកប៉ាល់មួយចំនួន គឺ​បានគិតទុកហើយថានឹងធ្វើដំណើរផ្លូវវាង។ បើផ្លូវវាង គឺយើងធ្វើដំណើរឆ្ងាយណាស់ គឺចេញពីអឺរ៉ុប មកអាត្លង់ទិច ហើយបានចូលមកមហាសមុទ្រឥណ្ឌា បានចូលមកអាស៊ីយើង។ អីចឹងតម្លៃដឹកជញ្ជូនវាកាន់តែឡើងខ្ពស់។ តាមការប៉ាន់ស្មាន ឃើញថា កប៉ាល់ដែលត្រូវប្រើផ្លូវវាងនោះ ត្រូវចំណាយមួយលានដុល្លារ ​ក្នុងកប៉ាល់មួយទៀត។ ឥលូវនេះ មានកបាល់ដឹកជញ្ជូនមួយចំនួន បានប្រកាសហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ នឹងឡើងតម្លៃប្រមាណពី៣០០ ទៅ៥០០ដុល្លារមួយមួយកុងតឺន័រ»

យ៉ាងណាមិញលោកបញ្ជាក់ថា ក្នុងការប្រកាសដំឡើងថ្លៃនេះ គឺសម្រាប់តែការដឹកជញ្ជូនទៅមករវាងតំបន់អាស៊ី ទៅតំបន់អឺរ៉ុបប៉ុណ្ណោះ។ ដោយឡែកទិសដៅដឹកជញ្ជូនផ្សេងទៀត ដូចជាចិន ជាដើម មិនទាន់បង្ហាញសញ្ញាកើនឡើងនោះទេ។

លោកបន្ថែមថា នេះជាបញ្ហាព្រួយបារម្ភថ្មី​មួយទៀត សម្រាប់វិស័យដឹកជញ្ជូន ដោយសារតែកន្លងមក វិស័យនេះទើបតែរងផលប៉ះពាល់ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបង្កឱ្យតម្លៃដឹកជញ្ជូនឡើងថ្លៃហួសហេតុ និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបណ្តាលឱ្យថ្លៃប្រេងឥន្ធនៈ។

លោកលើកឡើងថា បញ្ហានេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់ការនាំចេញទំនិញ ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប និងប៉ះពាល់ដល់ថ្លៃដើមនៃទំនិញផងដែរ​។

យោងតាមប្រភពព័ត៌មាន ពីអ្នកដែលធ្វើការ​នៅក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូន​ទំនិញពីកម្ពុជា ទៅទីផ្សារអន្តរជាតិបានឱ្យដឹងថា បច្ចុប្បន្ននេះ ករណីដែលក្រុមហ៊ូទី បង្កការគំរាមកំហែងកប៉ាល់ដឹកជញ្ជូនទំនិញ នៅសមុទ្រក្រហម បានធ្វើឱ្យការដឹកជញ្ជូនទំនិញទៅអាមេរិក និងអឺរ៉ុប ត្រូវមានរយៈពេលយូរ ខណៈតម្លៃវិញបានកើនឡើងប្រមាណ ១ពាន់ដុល្លារពីលើតម្លៃបច្ចុប្បន្ន ដោយសារកង្វះខាតកប៉ាល់ និងទូកុងតឺន័រ។ ហើយនាពេលខាងមុខ បញ្ហាកង្វះទូកុងតឺន័រ និងតម្លៃអាចនឹងកាន់តែឡើងខ្លាំង។ ស្ថានភាពនេះ នឹងអូសបន្លាយរយៈពេល១ខែ ឬឈានទៅដល់ត្រីមាសទី១ នៃឆ្នាំនេះ​៕