(ហូជីមិញ)៖ ក្រុមអ្នកវិភាគបានឱ្យដឹងថា វិនិយោគិនបរទេសដកមូលធនចំនួន ២៤,៨ពាន់ពាន់លានដុង (១ពាន់លានដុល្លារ) ចេញពីផ្សារហ៊ុនហូជីមិញក្នុងឆ្នាំ២០២៣ ហើយបានបង្វែងមូលធនទាំងនេះភាគច្រើនទៅកាន់ផ្សារហ៊ុនរបស់ប្រទេសអភិវឌ្ឍន៍វិញ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់ស្ថិតិដែលចេញផ្សាយដោយផ្សារហ៊ុនហូជីមិញថា វិនិយោគិនទាំងនេះបានទិញភាគហ៊ុនក្នុងតម្លៃ ៣១៤,៩ពាន់ពាន់លានដុង (ប្រហែល ១៣,៥៧ពាន់លានដុល្លារ) និងលក់ភាគហ៊ុន មូលបត្របំណុល វិញ្ញាបនបត្រមូលនិធិ (fund certificates) មូលនិធិ ETFs និងប័ណ្ណធានា (covered warrants) ដែលមានតម្លៃ ៣៣៩,៧ពាន់ពាន់លានដុង (ប្រហែល ១៤,៦៤ពាន់លានដុល្លារ)។

ក្នុងរយៈពេល ១១ខែគិតចាប់ពីខែមករាមក វិនិយោគិនទាំងនោះគឺជាអ្នកលក់សុទ្ធ ដែលមានន័យថាជាការលក់ភាគហ៊ុនចេញច្រើនជាងទិញភាគហ៊ុនចូល ដោយបានលក់ចេញក្នុងទឹកប្រាក់ចំនួន ៩,៩៧ពាន់ពាន់លានដុង (៤២៨,៨១លានដុល្លារ) ក្នុងខែធ្នូ ដែលជាការលក់ចេញប្រចាំខែខ្ពស់បំផុតរបស់ពួកគេគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២១មក។

ប៉ុន្តែការលក់សុទ្ធរបស់វិនិយោគិនសម្រាប់ឆ្នាំ២០២៣ មានទំហំត្រឹមតែ ៤៣% នៃទឹកប្រាក់ ៥៨,០៥ពាន់ពាន់លានដុង (ប្រហែល ២,៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ។

នៅក្នុងកំណត់សម្គាល់ដែលបានសរសេរនាពេលថ្មីៗនេះ ក្រុមហ៊ុនប្រឹក្សាវិនិយោគ FIDT បាននិយាយថា តួលេខនេះមិនគួរឱ្យព្រួយបារម្ភពេកទេ ដោយសារសន្ទស្សន៍ផ្សារហ៊ុន VN-Index កើនឡើង ១២% នៅដំណាច់ឆ្នាំ២០២៣ ដល់ ១ ១២៩,៩ពិន្ទុ។

ប៉ុន្តែក្រុមហ៊ុនប្រឹក្សាវិនិយោគនេះបានទទួលស្គាល់ថា ជម្រើសវិនិយោគរបស់វិនិយោគិនបរទេសអាចមានឥទ្ធិពលលើនិន្នាការទីផ្សារ និងអារម្មណ៍ទីផ្សារទាំងមូល។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់ស្ថិតិរបស់ក្រុមហ៊ុន FIDT ថា ភាគហ៊ុនភាគច្រើនដែលត្រូវបានលក់ចេញដោយវិនិយោគិនបរទេសគឺជាភាគហ៊ុននៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ ការលក់រាយ និងសេវាកម្មហិរញ្ញវត្ថុ ជាពិសេសវិស័យធនាគារ៕