(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីនស៊ី បាននិយាយថា ធនាគារកណ្តាលថៃគួរតែគិតគូរពីហានិភ័យដែលសេដ្ឋកិច្ចថៃកំពុងប្រឈមមុខ រួមទាំងការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏ផុយស្រួយផងដែរ នៅពេលដែលមានសម្រេចចិត្តពាក់ព័ន្ធនឹងគោលនយោបាយរូបិយវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងទៅកាន់សភាកាលពីថ្ងៃពុធថា អត្រាការប្រាក់ ២,៥% ដែលជាអត្រាខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍ «អាចប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន»។ លោកបានបង្ហាញជូនសមាជិកសភានូវថវិកាចំនួន ៣,៤៨ពាន់ពាន់លានបាត (១០២ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ដែលនឹងធ្វើឱ្យមានឱនភាពថវិកាចំនួន ៦៩៣ពាន់លានបាត។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់គោលចំនួន ២០០ពិន្ទុមូលដ្ឋានក្នុងយុទ្ធនាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរយៈពេល ១៣ខែមកនេះដោយផ្អែកលើការសន្មត់ថា ការស្ទុះងើបសេដ្ឋកិច្ច «ល្អ»

លោកបានបន្តថា អតិផរណាដែលត្រូវបានព្យាករថានឹងធ្លាក់ចុះក្នុងខែធ្នូ ដែលជាការធ្លាក់ចុះរយៈពេលបីខែជាប់គ្នានោះ គឺជាការឆ្លុះបញ្ចាំងពីការថមថយសេដ្ឋកិច្ចក្នុងស្រុក។

លោក សេដ្ឋា បានមានប្រសាសន៍ថា៖ «គោលនយោបាយរូបិយវត្ថុនៅថ្ងៃខាងមុខ គួរតែមានភាពស្របគ្នាទៅនឹងនិន្នាការសេដ្ឋកិច្ច លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងជាការជំរុញបន្ថែមពីលើគោលនយោបាយរបស់រដ្ឋាភិបាល»។ លោកបានបន្ថែមថា នៅផ្នែកសារពើពន្ធវិញ ការដែលកើតមានឱនភាពថវិកានឹងជួយទ្រទ្រង់សេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីបាននិយាយម្តងហើយម្តងទៀតថា សេដ្ឋកិច្ចថៃកំពុងស្ថិតក្នុងវិបត្តិ ហើយសកម្មភាពក្នុងស្រុកដ៏គួរឱ្យសង្វេគបានជំរុញឱ្យលោក សេដ្ឋា ដាក់ចេញកម្មវិធីឧបត្ថម្ភផ្តល់សាច់ប្រាក់ចំនួន ១៤ពាន់លានដុល្លារ ដែលត្រូវបានជំទាស់ដោយមន្ត្រីធនាគារកណ្តាល និងសេដ្ឋវិទូមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕