(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំឯកសារ ដើម្បីដាក់បញ្ជូល ប្រហុកសៀមរាប, ក្តាមថ្មកោះកុង និងទុរេនកំពត ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (Geographical Indication-GI)។ នេះបើតាមការឲ្យដឹងពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ៧រួមមាន៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី, អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពតកែប។

លោកបានបញ្ជាក់ថា ចំពោះការចុះបញ្ជីទំនិញឲ្យក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្តនេះ ពិតជាមានអត្ថប្រយោជន៍ នៅក្នុងប្រទេសកម្ពុជាដូចជា៖ ការពង្រីកមុខមាត់ និងអត្តសញ្ញាណនៃដែនដី, ការលើកកម្ពស់គុណភាពទំនិញសម្គាល់ភូមិសាស្រ្ត តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក និងកិច្ចសន្យាអនុវត្តអនុលោមតាមសៀវភៅបន្ទុក ដោយសមាជិកនីមួយៗ។

លោកបានបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺសមាជិកសមាគម អាចប្រើប្រាស់រូបសញ្ញា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាជាតិទំនិញសម្គាល់ភូមិសាស្រ្ត នៃប្រទេសកម្ពុជា លើសំបកវេចខ្ចប់ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះ សមាជិកនីមួយៗ អាចរៀបចំកសាងកេរ្តិ៍ឈ្មោះម៉ាកផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់ភ្ជាប់នឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីញែកឱ្យដាច់ពីសមាជិកផ្សេងៗ។

លោកបានបញ្ជាក់ថា ក្រៅពីនេះយើងមានឱកាសក្នុង ការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពិព័រណ៍ថ្នាក់ជាតិ និងអន្តរជាតិ
បង្កើនការងារក្នុងតំបន់ដោយផ្ទាល់ ឬមិនផ្ទាល់ កាត់បន្ថយការចំណាកស្រុក, ការអភិវឌ្ឍន៍ក្នុងតំបន់ រចនាសម្ព័ន្ធ សេដ្ឋកិច្ច បរិស្ថាន ភោជនីយដ្ឋាន និងទាក់ទាញភ្ញៀវទេសចរ។

លោក ប៉ែន សុវិជាតិ ក៏បានបញ្ជាក់ទៀតថា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលជួយពង្រឹងគុណភាព ការបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាពដូចជា៖ ការត្រួតពិនិត្យគុណភាព និងស្វែងរកតឹកតាន ដោយសមាគមអន្តរវិជ្ជាជីវៈ ស្វ័យត្រួតពិនិត្យ, កសិករផ្ទាល់, ការត្រួតពិនិត្យផ្ទៃក្នុង និងអង្គភាពឯករាជ្យចេញវិញ្ញាបនបត្រ ពីខាងក្រៅ ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាថា សមាជិកសមាគមបានអនុវត្តអនុលោមតាមសៀវភៅបន្ទុក៕