(ប៉េកាំង)៖ ធនាគារកណ្តាលចិនកាលពីខែមុនបានចាក់បញ្ចូលមូលនិធិដែលមានអត្រាការប្រាក់ទាបចំនួន ៣៥០ពាន់លានយន់ឬស្មើប្រហែល ៥០ពាន់លានដុល្លារទៅក្នុងធនាគារដែលផ្តោតលើគោលនយោបាយរបស់រដ្ឋាភិបាល ដែលបង្ហាញថា ធនាគារកណ្តាលអាចនឹងបង្កើនហិរញ្ញវត្ថុសម្រាប់គម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រសេដ្ឋកិច្ច។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយធនាគារកណ្តាលចិននៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនទឹកប្រាក់ដែលមាននៅក្នុងកម្មវិធីផ្តល់ប្រាក់កម្ចីបន្ថែម (PSL) របស់ធនាគារកណ្តាលសម្រាប់ផ្តល់ទៅឱ្យធនាគារដែលអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល បានកើនឡើងដល់ ៣,២៥ពាន់ពាន់លានយន់ (៤៥៦ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ កើនឡើងពី ២,៩ពាន់ពាន់លានយន់ធៀបដំណាច់ខែវិច្ឆិកា។ ការចាក់បញ្ចូលមូលនិធិចំនួន ៣៥០ពាន់លានយន់នេះគឺជាការចាក់បញ្ចូលច្រើនបំផុតមិនធ្លាប់មានទៅក្នុងកម្មវិធី PLS គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។
កម្មវិធី PSL ត្រូវបានគេមើលឃើញថាជាឧបករណ៍ដ៏សំខាន់មួយក្នុងចំណោមឧបករណ៍គោលនយោបាយផ្សេងៗរបស់ទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលអាចប្រើប្រាស់ដើម្បីពង្រឹងវិស័យអចលនទ្រព្យ និងធ្វើឱ្យមានស្ថិរភាពកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ ទីផ្សារបានរំពឹងថា ធនាគារកណ្តាលនឹងប្រើប្រាស់ប្រាក់នេះដើម្បីជំរុញការសាងសង់លំនៅឋានសាធារណៈក្នុងគោលបំណងកាត់បន្ថយការធ្លាក់ចុះអចលនទ្រព្យយូរឆ្នាំដែលរារាំងដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែវិច្ឆិកាថា ក្រុមអ្នកបង្កើតគោលនយោបាយចិនគ្រោងផ្តល់មូលនិធិ ១ពាន់ពាន់លានយន់ពីមូលនិធិដែលមានអត្រាការប្រាក់ទាបរបស់ធនាគារកណ្តាលជាដំណាក់កាល ដើម្បីជួយដល់កម្មវិធីនានាដែលផ្តោតលើលំនៅឋានតម្លៃសមរម្យ និងការអភិវឌ្ឍភូមិក្នុងទីក្រុង។ ក្រុមមន្ត្រីកំពុងពិចារណាប្រើប្រាស់កម្មវិធី PSL ឬកម្ចីពិសេស។
លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ប្រចាំប្រទេសចិនបម្រើការនៅក្រុមហ៊ុន Australia & New Zealand Banking Group Ltd បានថ្លែងថា៖ «កម្មវិធី PSL គឺជាមធ្យោបាយផ្ទាល់ និងមានប្រសិទ្ធភាពបំផុតក្នុងការបញ្ជូនមូលនិធិទៅកាន់សេដ្ឋកិច្ច»។ លោកបានបន្ថែមថា វានឹងមានសារៈសំខាន់ខ្លាំងចំពោះសេដ្ឋកិច្ចបើកម្មវិធីនេះត្រូវបានពង្រីកលើសពីទំហំ ១ពាន់ពាន់លានយន់៕