(សេអ៊ូល)៖ ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូង បានព្យាករកាលពីថ្ងៃពុធថា ការលក់រថយន្តរួមគ្នានៅទូទាំងពិភពលោករបស់ក្រុមហ៊ុនទាំងពីរ នឹងកើនឡើងប្រហែល ២ ភាគរយនៅឆ្នាំ២០២៤ ទោះបីជាការលក់កាលពីឆ្នាំមុនមិនអាចសម្រេចបានតាមទិសដៅក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនទាំងពីរបានលក់រថយន្តចំនួន ៧,៣លានគ្រឿងក្នុងឆ្នាំ២០២៣ ពោលគឺទាបជាងទិសដៅរួមរបស់ពួកគេចំនួន ៣ភាគរយដែលមានចំនួន ៧,៥២លានគ្រឿង។ ការមិនសម្រេចបានតាមផែនការលក់នេះភាគច្រើនដោយសារតែបរិយាកាសសេដ្ឋកិច្ចដ៏លំបាក រួមទាំងការកើនឡើងអត្រាការប្រាក់ និងអតិផរណាដែលបានធ្វើឱ្យអ្នកទិញមួយចំនួនមិនមានលទ្ធភាពទិញរថយន្ត។
ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ក្រុមហ៊ុននឹងកំណត់ទិសដៅលក់រថយន្តសកលចំនួន ៧,៤៤លានគ្រឿងនៅឆ្នាំ២០២៤នេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Hyundai បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា៖ «ក្រុមហ៊ុន Hyundai គ្រោងនឹងនាំមុខគេក្នុងវិស័យអគ្គិសនី និងផ្តោតលើការបង្កើនប្រាក់ចំណេញតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរថយន្តអគ្គិសនីជាសកល (EV) របស់ខ្លួន ការបង្កើតយុទ្ធសាស្រ្តអាជីវកម្មដែលអាចបត់បែនបានដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារ និងការពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យជាមុន"
ក្រុមហ៊ុន Kia បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនលក់រថយន្តបានចំនួន ៣,០៩លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ដែលជាចំនួនច្រើនបំផុតថ្មីមួយរបស់ក្រុមហ៊ុន។ លទ្ធផលលក់ល្អបំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Kia គឺនៅឆ្នាំ២០១៤ ដោយលក់បានចំនួន ៣,០៤លានគ្រឿង។
អ្នកវិភាគបានឱ្យដឹងថា ទិសដៅលក់នៅឆ្នាំនេះសម្រាប់ក្រុមហ៊ុនទាំងពីរហាក់ដូចជាអាចសម្រេចបាន ប៉ុន្តែបញ្ហាសេដ្ឋកិច្ច រួមទាំងអត្រាការប្រាក់ខ្ពស់ ក៏ដូចជាការកើនឡើងនៃការលើកទឹកចិត្តនឹងជះឥទ្ធិពលដល់តម្រូវការរថយន្ត និងប្រាក់ចំណេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕