(ហាណូយ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,៦៧% ដល់ ៧៥,៥លានដុង (៣ ០៩៩,៦៦ដុល្លារ) ក្នុងមួយតម្លឹងកាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន VN Express របស់វៀតណាម។

សារព័ត៌មាន VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,១៦% ដោយជួញដូរមកនៅត្រឹម ៦៣,០៥លានដុង (២៧០៩ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងមាសស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃមាសក្នុងទីផ្សារពិភពលោកនៅក្នុងឆ្នាំថ្មី២០២៤ ស្ថិតក្រោមសម្ពាធដោយសារការកើនឡើងតម្លៃប្រាក់ដុល្លារអាមេរិក ប៉ុន្តែបានរក្សាមូលដ្ឋានរបស់ខ្លួនដោយសារមានការរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងដោយសារការកើនឡើងនូវក្តីបារម្ភជុំវិញការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម។
តម្លៃមាសសម្រាប់ទិញលក់ភ្លាមៗមានស្ថិរភាពដោយជួញដូរក្នុងតម្លៃ ២ ០៦១,៥៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារ នៅម៉ោង ២កន្លះរសៀលបន្ទាប់ពីការកើនឡើង ០,៨% នៅដើមវគ្គជួញដូរដដែលនេះ។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតនៅអាមេរិកបានធ្លាក់ចុះ ០,១% ដោយជូញដូរក្នុងតម្លៃ ២០៧០,៣ដុល្លារក្នុងមួយអោន។
សន្ទស្សន៍តម្លៃប្រាក់ដុល្លារបានកើនឡើង ០,៨% ដែលជាកំណើនខ្ពស់បំផុតគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក ដែលធ្វើឱ្យមាសដុំដែលទិញលក់ជាប្រាក់ដុល្លារមានតម្លៃកាន់តែថ្លៃសម្រាប់អតិថិជននៅក្រៅប្រទេស។ នេះបើយោងតាមសារព័ត៌មាន VN Express៕