(សិង្ហបុរី)៖ តម្លៃប្រេងមានស្ថិរភាពក្នុងជួញដូរនៅទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធ បន្ទាប់ពីប្រែប្រួលតម្លៃខ្លាំងនៅដើមសប្តាហ៍នេះ ខណៈដែលទីផ្សារបានថ្លឹងថ្លែងពីការព្រួយបារម្ភអំពីសេដ្ឋកិច្ចអាមេរិក និងការរំខានដល់ការផ្គត់ផ្គង់ដែលបង្កឡើងដោយភាពតានតឹងដែលកំពុងបន្តនៅក្នុងសមុទ្រក្រហម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ចុះ ១សេន ឬ ០,០១ភាគរយ មកនៅត្រឹម ៧៥,៨៨ដុល្លារក្នុងមួយបារ៉ែល នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានកើនឡើង ៤សេន ឬ ០,០៦ភាគរយដល់ ៧០,៤២ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅបានកើនឡើងប្រហែល ២ដុល្លារអាមេរិកនៅដើមសប្តាហ៍នេះ បន្ទាប់ពីមានការវាយប្រហារលើនាវានៅសមុទ្រក្រហមដោយក្រុមឧទ្ទាមហូទី (Houthi) កាលពីចុងសប្តាហ៍មុន និងការមកដល់នៃនាវាចម្បាំងរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ ជម្លោះកាន់តែរីកធំឡើងអាចបិទសមុទ្រក្រហមដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងរំខានដល់លំហូរពាណិជ្ជកម្មនេះ។

ទោះជាយ៉ាងណា ទីផ្សារប្រេងឆៅបានធ្លាក់ចុះវិញនៅក្នុងវគ្គជួញដូរមុន ដោយសារភាពសុទិដ្ឋិនិយមទីផ្សារអំពីការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិ បានកើតមានឡើងមុនការចេញផ្សាយកំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក និងទិន្នន័យការងាររបស់សហរដ្ឋអាមេរិក។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន ING បានសរសេរនៅក្នុងកំណត់សម្គាល់ទៅកាន់អតិថិជនថា៖ «ទីផ្សារថាមពលមិនអាចគេចផុតពីសម្ពាធកាន់តែធំនោះទេ ដែលត្រូវបានគេមើលឃើញថានឹងកើតមានលើទ្រព្យសកម្មហានិភ័យ ស្របពេលដែលទីផ្សារភាគហ៊ុនក៏ធ្លាក់ថ្លៃ។ ការធ្លាក់ចុះតម្លៃប្រេងកើតឡើង ទោះបីជាភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ាក៏ដោយ»៕