(ហាំងចូវ)៖ ក្រុមហ៊ុន Alibaba Group របស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបានទិញភាគហ៊ុនរបស់ខ្លួនត្រលប់មកវិញសរុបចំនួន ៨៩៧,៩លានក្នុងតម្លៃ ៩,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារមួយដែលចេញផ្សាយដោយក្រុមហ៊ុន Alibaba ថា ភាគហ៊ុនទាំងនេះត្រូវបានទិញទាំងនៅក្នុងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក និងក្រុងហុងកុង។
ក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះបានឱ្យដឹងថា ចំនួនទឹកប្រាក់ដែលនៅសល់ដែលក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុញ្ញាតសម្រាប់កម្មវិធីទិញភាគហ៊ុនរបស់ខ្លួនដែលមានប្រសិទ្ធភាពរហូតដល់ខែមីនា ឆ្នាំ២០២៥ មានចំនួន ១១,៧ពាន់លានដុល្លារ។
ក្រុមហ៊ុនបានឱ្យដឹងថា៖ «កម្មវិធីទិញភាគហ៊ុនត្រលប់មកវិញរបស់យើងបានបណ្តាលឱ្យភាគហ៊ុននៅលើទីផ្សាររបស់យើងថយចុះសុទ្ធចំនួន ៣,៣ភាគរយក្នុងរយៈពេល ១២ខែចុងក្រោយ បន្ទាប់ពីគិតទាំងភាគហ៊ុនដែលបានបោះផ្សាយស្ថិតក្រោមផែនការកម្មសិទ្ធិភាគហ៊ុននិយោជិត (ESOP) របស់យើង»
ក្រុមហ៊ុន Alibaba មានភាគហ៊ុនចំនួន ២០ពាន់លានហ៊ុននៅលើទីផ្សារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធៀបនឹង ២៩,៧ពាន់លាននៅដំណាច់ឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕