(សិង្ហបុរី)៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងលឿនជាងការរំពឹងទុកក្នុងឆ្នាំ២០២៣ ដោយសារការកើនឡើងក្នុងវិស័យផលិតកម្ម និងសំណង់ បើទោះបីជាកើតមានហានិភ័យនៅក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយដែលកំពុងវិវត្តក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការព្យាករជាន់ខ្ពស់កាលពីថ្ងៃអង្គារដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ១,២% ។ កំណើននេះមានភាពល្អប្រសើរជាងការព្យាកររបស់រដ្ឋាភិបាលដែលថាមានត្រឹមតែប្រហែល ១% ប៉ុណ្ណោះ។

កំណើនខ្ពស់ជាងការរំពឹងទុកនេះបានកើតមានឡើងបន្ទាប់ពីសិង្ហបុរីសម្រេចបានកំណើនសេដ្ឋកិច្ច ១,៧% ក្នុងរយៈពេលបីខែចុងក្រោយក្នុងឆ្នាំ២០២៣ ដោយសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ២,៨% កាលពីត្រីមាសមុន។

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅតំបន់អាស៊ីដែលចេញផ្សាយតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេលពេញមួយឆ្នាំ លទ្ធផលសេដ្ឋកិច្ចរបស់សិង្ហបុរីរក្សាក្តីសង្ឃឹមសម្រាប់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការនាំចេញបានវិលត្រឡប់ទៅរកកំណើនវិញក្នុងខែវិច្ឆិកា ក្រោយពេលបានធ្លាក់ចុះរយៈពេល ១៣ខែ ហើយទិន្នផលរោងចក្របានកើនឡើងនៅក្នុងខែចុងក្រោយនៃឆ្នាំ២០២៣។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី Lee Hsien Loong កាលពីថ្ងៃអាទិត្យក៏បានលើកឡើងពីហានិភ័យពីបរិយាកាសខាងក្រៅដែលមិនច្បាស់លាស់ផងដែរ។

លោក Lee បានថ្លែងនៅក្នុងសារឆ្នាំថ្មីរបស់លោកថា៖ «សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ យើងត្រូវតែរំពឹងថា បរិយាកាសខាងក្រៅនឹងមិនសូវអំណោយផលដល់សន្តិសុខ និងវិបុលភាពរបស់យើងទេ»។ លោកបានបន្ថែមថា៖ «ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយនឹងបន្តដាក់បន្ទុកលើសេដ្ឋកិច្ចពិភពលោក»