(សេអ៊ូល)៖ ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិកមានបរិមាណច្រើនជាងការនាំចេញទៅកាន់ប្រទេសចិន ជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍កាលពីខែមុន ដែលជាសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងក្នុងគ្រាដែលមានភាពតានតឹងជាសកលជុំវិញសន្តិសុខសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។ នេះបានយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងបាននាំចេញទំនិញក្នុងតម្លៃ ១១,៣ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកនៅក្នុងខែធ្នូ ធៀបនឹង ១០,៩ពាន់លានដុល្លារទៅកាន់ប្រទេសចិន។ ការផ្លាស់ប្តូរចំណាត់ថ្នាក់ទីផ្សារនេះបានកើតឡើងនៅពេលដែលការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង ៥,១% នៅខែធ្នូឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលជាការកើនឡើងបីខែជាប់គ្នាបន្ទាប់ពីការធ្លាក់ចុះរយៈពេលមួយឆ្នាំ។

ការផ្លាស់ប្តូរនេះមួយផ្នែកក៏ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ដែលនាំឱ្យក្រុមអ្នកបង្កើតគោលនយោបាយបង្កើតវិធានការជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់កាលពីឆ្នាំមុន។ ទោះយ៉ាងណា ទិន្នន័យរយៈពេលមួយខែនេះមិនផ្តល់ភស្តុតាងច្បាស់លាស់នៃការផ្លាស់ប្តូរគំរូពាណិជ្ជកម្មយូរអង្វែងនោះទេ។

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូងដោយសារការនាំចូលរបស់ទីក្រុងសេអ៊ូលពីប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមានទំហំធំ។

បើទោះជាការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងរយៈពេល ៥ខែជាប់គ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ក៏ដោយ កូរ៉េខាងត្បូងបានឱ្យដឹងថា ការនាំចេញទៅកាន់ប្រទេសចិនក៏បន្តកើនឡើងផងដែរ។ ទន្ទឹមនឹងនេះដែរ ការនាំចូលសរុបរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ ១០,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មកើនឡើងដល់ ៤,៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕