(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៣ មានក្រុមហ៊ុន/សហគ្រាស ចំនួន១១,៥០៦ បានមកស្នើសុំចុះបញ្ជីពាណិជ្ជកម្ម (ថ្មី) នៅក្រសួងពាណិជ្ជកម្ម កើនឡើង ចំនួន១៤.៥៣% បើបៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ចំនួន១០,០៤៦។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម (ថ្មី) រយៈពេល១១ខែ ឆ្នាំ២០២៣ រួមមាន៖

ទី១៖ ក្រុមហ៊ុនមូលធន មានចំនួន៤,៣៧៥ ថយចុះ២.០១% បើបៀបធៀបនឹងឆ្នាំ២០២២ ចំនួន ៤,៤៦៥ក្រុមហ៊ុន
ទី២៖ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស មានចំនួន៦៥ កើនឡើង៥៨.៥៣% បើបៀបធៀបនឹងឆ្នាំ២០២២ ចំនួន៤១ក្រុមហ៊ុន
ទី៣៖ សហគ្រាសឯកបុគ្គល មានចំនួន ៧,០៦៦ បើបៀបធៀបនឹងឆ្នាំ២០២២ ចំនួន៥,៥៤០។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កំណើននេះ មានការកើនឡើង ដោយសារតែសង្កេតឃើញថា បន្ទាប់ពីក្រោយកូវីដ-១៩ ក្រុមហ៊ុនមួយចំនួនធំ ជាពិសេសក្រុមហ៊ុនមកពីប្រទេសចិន និងក្រុមហ៊ុនដែលរួមគ្នា ជាមួយនឹងអ្នកវិនិយោគផ្សេងៗ ត្រឡប់មកវិញ ដើម្បីធ្វើការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កំណើននេះ វាទាក់ទងទៅនឹងការអំពាវនាវ របស់ក្រសួងពាណិជ្ជកម្ម ដែលឲ្យអ្នករកស៊ីក្រៅប្រព័ន្ធ មកធ្វើការចុះបញ្ជីពាណិជ្ជកម្ម ដោយមិនតម្រូវឲ្យមានអនុលោមភាពអ្វីទាំងអស់ ដើម្បីឲ្យពួកគាត់ក្លាយទៅជាអាជីវកម្មស្របច្បាប់។

ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានលើកឡើងថា ប្រជាពលរដ្ឋ និងអ្នកធុរកិច្ច ហាក់បីមានទំនុកចិត្ដឡើងវិញ អំពីបរិយាកាសវិនិយោគ និងធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលមានភាពប្រសើរឡើង ដោយសារតែមានសកម្មភាពនាំចេញ-នាំចូល និងសកម្មភាពអាជីវកម្មក្នុងស្រុក លើកលែងតែវិស័យមួយចំនួន ដែលនៅមិនទាន់មានសកម្មភាព ដូចជាវិស័យសំណង់ជាដើម -ល-។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម មានការកើនឡើងនេះ គឺជាសញ្ញាមួយល្អ ដែលជាមោទនភាព នៃសេដ្ឋកិច្ចជាតិកម្ពុជា។ ការកើនឡើងនេះ ដោយសារតែកម្ពុជា មានសុខសន្ដិភាព សុវត្ថិភាព និងកំណើន។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ក្រោយកូវីដ-១៩ ឃើញថា ដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យ ចាប់ផ្ដើមល្អប្រសើរឡើងវិញ ហើយអ្វីដែលឃើញថា មិនសូវល្អនោះ គឺមានតែផ្នែកអចលនទ្រព្យមួយប៉ុណ្ណោះ សម្រាប់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាកំពុងតែអភិវឌ្ឍន៍ នូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង, កម្ពុជា-អេមីរ៉ាតអារ៉ាប់ ក៏ដូចជាសេដ្ឋកិច្ចភាព ជាដៃគូរគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ RCEP នឹងធ្វើឲ្យការវិនិយោគនៅកម្ពុជា កាន់តែកើនឡើងល្អប្រសើរ។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងបែបនេះថា «ខ្ញុំជឿថា ការកើនឡើងនៃការចុះបញ្ជី ទាំងវិនិយោគក្នុងស្រុក និងបរទេសនេះ គឺជាសញ្ញាមួយដ៏ល្អ សម្រាប់សេដ្ឋកិច្ចជាតិយើង ក្រោយរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។

សូមជម្រាបថា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ទទួលបានការចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មី ១០ ៧០១ក្រុមហ៊ុន កើនឡើង៣៩.៣៩% បើធៀបនឹងឆ្នាំ២០២១ មានត្រឹមជាង ៧ ៦៧៧ក្រុមហ៊ុនប៉ុណ្ណោះ៕