(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួន ៥៨ភាគរយ ដោយចំណាយថវិកាអស់ ៨៥០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ​ការចំណាយជាមធ្យម គឺទៅលើគម្រោងប្រចាំថ្ងៃអស់ចន្លោះពីជាង ២.៥លានដុល្លារ ទៅ ៣លានដុល្លារ ក្នុងមួយថ្ងៃ។

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ថា ក្រោមការណែរនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ដ្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបានរៀបចំសម្របសម្រួល និងអមដំណើរការធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពី វឌ្ឍនភាព និងសក្តានុពល នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានអ្នកចូលរួមចំនួនជិត៥០នាក់ មកពីក្រុមហ៊ុនធុរកិច្ច និងអង្គការជប៉ុនចំនួន២២ (Under JBAC Leadership ) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

​ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុនចំនួន ២២នេះ គឺជាសញ្ញាណវិជ្ជមានមួយ ស្របគ្នាទៅនឹងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបង្ហាញយ៉ាងច្បាស់ពីមិត្តភាពជាគំរូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដោយផ្អែកលើគោលការណ៍នៃទំនុកចិត្ត ការគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋ-កិច្ចសង្គម ពាណិជ្ជកម្ម នយោបាយ និងការទូត។

លោក ស៊ីន ចាន់សេរីវុត្ថា បន្តថា «នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការបណ្តុះទំនុកចិត្ត ក្នុងចំណោមពាណិជ្ជករ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ ជាពិសេសក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ​ទាំងថ្មី ទាំងចាស់​នៅកម្ពុជា»

សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខនេះ៕