(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ជួយពង្រឹងការប្រមូលចំណូលជាតិ ទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ នេះបើតាមសារាចរណែនាំ ស្ដីពីការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ចំពោះសារពើពន្ធ ក្រសួងសេដ្ឋកិច្ច បានជំរុញឲ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយមន្ត្រីពន្ធដារ ដើម្បីជំរុញ និងតាមដានការអនុវត្តគោលនយោបាយ និងនីតិវិធីប្រមូលចំណូលសារពើពន្ធ ដែលច្បាប់បានអនុញ្ញាត ឲ្យប្រមូលសម្រាប់ ជាគុណប្រយោជន៍ នៃថវិកា រដ្ឋបាលរាជធានី ខេត្ត ឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន និងត្រូវរួមចំណែកដាក់ចេញ នូវវិធានការជាក់ស្តែង សម្រាប់ប្រភេទពន្ធដារនីមួយៗ ដើម្បីតម្រូវឲ្យអ្នកជាប់ពន្ធបង់ពន្ធបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា។

ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងទៀតថា រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់មន្ត្រីទទួលបន្ទុក ប្រមូលទិន្នន័យស្ថិតិ និងកម្រងព័ត៌មាន ដែលជាមូលដ្ឋានក្នុងការប្រមូលពន្ធដារ សម្រាប់ជាគុណប្រយោជន៍ ដល់ថវិការដ្ឋបាលរាជធានី ខេត្ត ដើម្បីជាមូលដ្ឋានតាមដានត្រួតពិនិត្យ និងជួយដល់មន្ត្រីពន្ធដារ ក្នុងការប្រមូលចំណូល និងធ្វើជាឯកសារបង្អែក ក្នុងការរៀបចំគម្រោងចំណូលសារពើពន្ធប្រចាំឆ្នាំនីមួយៗ។

ដោយឡែក ចំពោះចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច បានជំរុញឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងកំណត់មុខសញ្ញាចំណូល ដែលច្បាប់បានអនុញ្ញាតឲ្យប្រមូលតាមមុខសញ្ញាចំណូលមិនមែនសារពើពន្ធ បង់ចូលគណនីប្រាក់បញ្ញើនៅរតនាគាររាជធានី ខេត្តឲ្យអស់ មិនត្រូវទុកចំណូលខ្លះ សម្រាប់ចំណាយដោយឡែកក្រៅពី គម្រោងចំណាយប្រចាំឆ្នាំឡើយ៕