(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំ «វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ ដល់វិស័យឯកជន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវិស័យឯកជនផងដែរ។

​វិធានការចំនួន១៤ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន សំដៅលើកកម្ពុជាភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

កញ្ចប់វិធានការសម្រួលពាណិជ្ជកម្មនេះ គ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗដូចជា ការកាត់បន្ថយថ្លៃសេវាសាធារណៈរបស់រដ្ឋបាលគយ, ការគ្រប់គ្រងការនាំចូល និងគាំពារសុខាភាពសាធារណៈ និងការធ្វើឌីជីថលនីយកម្មនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម ហើយវិធានការទាំងនេះ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។

ថ្លែងក្នុងឱកាសនោះបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា តាមរយៈវិធានការទាំង១៤ ដែលត្រូវអនុវត្តន៍នេះ ផ្តល់បច្ច័យល្អសម្រាប់វិស័យឯកជន ដោយសារកាត់បន្ថយការចំណាយ និងសម្រួលនូវបែបបទនីតិវិធីនាំចេញ-នាំចូល ហើយវិធានការនេះ នឹងធ្វើចំណូលរបស់គយ ក៏ត្រូវបាត់បង់មួយចំនួន។

លោកបន្តថា «ជារួម រាជរដ្ឋាភិបាលមានការលះបង់ ដើម្បីកាត់បន្ថយចំណាយ ក្នុងទម្រង់ជាកម្រៃពាក់ព័ន្ធផ្សេងៗសុខចិត្តបាត់បង់ ប៉ុន្តែបន្ធូរឱ្យដល់បន្ទុករបស់វិស័យឯកជន។ ការចំណេញបានមកពីការកែសម្រួលកម្រៃ និងការកាត់បន្ថយកម្រៃនេះ គឺបានទៅលើវិស័យឯកជន»

សូមជម្រាបថា ដើម្បីសម្រាលបន្ទុកចំណាយរបស់វិស័យឯកជន រាជរដ្ឋាភិបាលតាមរយៈ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានសម្រេចបញ្ចុះថ្លៃសេវាសាធារណៈគយ ដូចជា៖ កម្រៃបែបបទគយ, កម្រៃចុះបញ្ជិកាប្រតិវេទន៍គយ, កម្រៃត្រួតពិនិត្យកុងតឺន័រដោយម៉ាស៉ីនស្កេន, ការពង្រឹងការគ្រប់គ្រងការនាំចូលសាច់បង្កក ស៊ុត និងត្រី, ការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការបំពេញបែបបទគយ និងការសម្រួលអាករនាំចេញជ័រកៅស៊ូជាដើម៕