(ភ្នំពេញ)៖ អ្នកជំនួញល្បីឈ្មោះមួយរូប បានផ្តល់អនុសាសន៍ដល់អ្នកជំនួញ ឬអ្នកប្រកបរកស៊ីជ្រើសរើស ប្រភពកម្ចីឱ្យបានត្រឹមត្រូវ ជៀសវាងរបរងាយប្រឈមនឹងការក្ស័យធន់ ដោយសាររ៉ាប់រងជាមួយកម្ចី ដែលមានការប្រាក់ខ្ពស់។

គ្រប់អ្នកជំនួញ ឬអ្នកប្រកបរបររកស៊ីទាំងសុទ្ធតែត្រូវការដើមទុន ដើម្បីចាប់ផ្តើមមុខជំនួញ ឬពង្រីកការរកស៊ី ដែលទុនទាំងនោះមួយចំណែកជារបស់ខ្លួនឯង និងមួយចំណែកទៀតបានមកពីការខ្ចីគេ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា គ្រប់អ្នកជំនួញ និងអ្នករកស៊ីស្ទើរតែ ១០០%សុទ្ធតែមានបំណុល ដែលបំណុលខ្លះបានមកពីធនាគារ ពីបងប្អូន ឬមិត្តភក្តិ។

លោកមានប្រសាសន៍ថា ការជ្រើសរើសប្រភពនៃការផ្តល់កម្ចីពិតជាសំខាន់ណាស់ ហេតុដូច្នេះហើយអ្នករកស៊ីទាំងអស់ គួរតែជ្រើសរើសកម្ចីពីធនាគារណា ដែលផ្តល់នូវអត្រាការប្រាក់ទាប ជៀសវាងកម្ចីឯកជន ការខ្ចីតាមអនឡាញ និងពីស្ថាប័នហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ខ្ពស់។

ការជំរុញឱ្យជ្រើសកម្ចីពីធនាគារដើម្បីរកស៊ីនេះ ដោយសារកម្ចីពីធនាគារមានអត្រាការប្រាក់ទាបក្រោម១០% ខណៈការរកស៊ីវិញភាគច្រើន មិនអាចទទួលប្រាក់ចំណេញបានលើសពី ១០% ទៅ ១៥%ក្នុងមួយឆ្នាំនោះទេ។ ប្រសិនបើជ្រើសរើសកម្ចីក្រៅពីធនាគារ ដែលអត្រាការប្រាក់ខ្ពស់លើសពី១៨% នោះនឹងធ្វើឱ្យការរកស៊ីងាយប្រឈមនឹងការក្ស័យធន់ ព្រោះប្រាក់ចំណេញមិនសមមូលនឹងការប្រាក់៕