(ប៉េកាំង)៖ ប្រទេសចិនដែលជាប្រទេសផលិតរ៉ែកម្រធំមួយក្នុងពិភពលោក កាលពីថ្ងៃព្រហស្បតិ៍បានហាមឃាត់ការនាំចេញបច្ចេកវិទ្យាផលិតមេដែកពីរ៉ែកម្រ បន្ថែមពីលើបម្រាមកន្លងមកលើការនាំចេញបច្ចេកវិទ្យាចម្រាញ់និងបំបែកសារធាតុសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រ៉ែកម្រគឺជាក្រុមលោហៈចំនួន១៧ប្រភេទ ដែលប្រើសម្រាប់បង្កើតមេដែកដែលបំលែងថាមពលទៅជាចលនាសម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងគ្រឿងអេឡិចត្រូនិច។

លោក Nathan Picarsic សហស្ថាបនិកក្រុមហ៊ុនប្រឹក្សាភូមិសាស្ត្រនយោបាយ Horizon Advisory បានប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «បម្រាមនេះគួរតែជាការបញ្ជាក់ច្បាស់ថា ការពឹងផ្អែកលើប្រទេសចិននៅក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃមិនមាននិរន្តរភាពទេ»

ក្រសួងពាណិជ្ជកម្មចិន កាលពីខែធ្នូឆ្នាំមុនបានស្នើសុំមតិសាធារណៈសម្រាប់ជាធាតុចូលក្នុងការចាត់វិធានការហាមឃាត់ការនាំចេញដើម្បីបន្ថែមបច្ចេកវិទ្យាផលិតមេដែកទៅក្នុងច្បាប់ហាមឃាត់និងរឹតបន្តឹងបច្ចេកវិទ្យានេះ។

នៅក្នុងបញ្ជីនេះ ចិនក៏បានហាមនាំចេញបច្ចេកវិទ្យាផលិតសារធាតុកាល់ស្យូមអុកស៊ីបូរ៉ាតពីរ៉ែកម្រ និងបច្ចេកវិទ្យាផលិតកម្មសម្រាប់រ៉ែកម្រ ដោយបន្ថែមការហាមឃាត់បច្ចេកវិទ្យាទាំងនេះទៅក្នុងការហាមឃាត់កន្លងមកលើការផលិតវត្ថុធាតុលោកហៈអាឡយ (alloy) ពីរ៉ែកម្រ។

គោលបំណងហាមឃាត់ការនាំចេញដែលបានលើកឡើងក្នុងច្បាប់នេះគឺដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍សាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕