(មូស្គូ)៖ សេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងកើនឡើង បើទោះបីជាមានការដាក់ទណ្ឌកម្មដោយប្រទេសលោកខាងលិចក៏ដោយ ហើយទីក្រុងមូស្គូទំនងជានឹងបន្តសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនទៀត។ នេះបើយោងតាមកាសែត Channel News Asia។

វិមានក្រឹមឡាំងនៅតែមានទំនុកចិត្តក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមនៅអ៊ុយក្រែន ដោយអ្នកជំនាញបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងចន្លោះពី១ ទៅ ៣ ភាគរយនៅឆ្នាំក្រោយ។

កាសែត Channel News Asia បានរាយការណ៍ថា កាលពីខែមុន ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកញ្ចប់ថវិកាសម្រាប់រយៈពេលបីឆ្នាំខាងមុខ ដែលនឹងជំរុញការចំណាយលើវិស័យការពារជាតិដល់ទៅ ៣០ភាគរយ កើនឡើងទ្វេដងធៀបនឹង ១៥ភាគរយមុនពេលមានការលុកលុយនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន។

ការបង្កើនថវិកាការពារជាតិនេះកើតឡើង ខណៈពេលដែលមេដឹកនាំអឺរ៉ុបកំពុងពិចារណាអំពីការដាក់ទណ្ឌកម្មមួយផ្សេងទៀតដែលមានបំណងដាក់សម្ពាធទីក្រុងម៉ូស្គូឱ្យបញ្ឈប់សង្គ្រាម។ បច្ចុប្បន្នរុស្ស៊ីជាប្រទេសដែលទទួលរងទណ្ឌកម្មខ្លាំងជាងគេក្នុងពិភពលោក។

អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា វិធានការនានាដែលធ្វើឡើងដោយលោកខាងលិចហាក់ដូចជាមិនដំណើរការទេ ហើយអនាគតហិរញ្ញវត្ថុរបស់រុស្ស៊ីមើលទៅមានសុទិដ្ឋិនិយម។

លោក Semenikhin Roman នាយកប្រតិបត្តិក្រុមហ៊ុន Ingosstrakh Investments បានថ្លែងថា៖ «ដោយគិតទៅលើការពិតដែលថា ថវិការបស់រុស្ស៊ីបាននិងកំពុងកើនឡើង វាមានតុល្យភាពគ្រាន់បើ ដោយសារប្រាក់ចំណូលពីប្រេង និងឧស្ម័ននៅតែអនុញ្ញាតឱ្យមានការវិនិយោគក្នុងប្រទេស»

ទោះជាយ៉ាងណា សាស្រ្តាចារ្យ Igor Yushkov មកពីសាកលវិទ្យាល័យហិរញ្ញវត្ថុស្ថិតក្រោមរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានចង្អុលបង្ហាញថា ឧស្សាហកម្មប្រេងនិងឧស្ម័នបានចាប់ផ្តើមនាំមកនូវ «ប្រាក់ចំណូលតិចជាងមុនគួរឱ្យកត់សម្គាល់»

លោកសាស្រ្តាចារ្យ Yushkov ដែលក៏ជាអ្នកជំនាញនាំមុខផ្នែកមូលនិធិសន្តិសុខថាមពលជាតិរបស់ប្រទេសរុស្ស៊ីផងដែរនោះបានមានប្រសាសន៍ថាឡ «ចំណែកនៃចំណូលពីប្រេង និងឧស្ម័នកំពុងធ្លាក់ចុះ ហើយនឹងមានចំនួនតិចជាង ៣០ភាគរយ។ វាធ្លាប់មានការប្រែប្រួលចន្លោះពី ៤០ ទៅ ៥០ (ភាគរយ) ក្នុងរយៈពេលជាច្រើនឆ្នាំ»