(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា តម្លាភាពថវិកានៅកម្ពុជា ត្រូវបានវាយតម្លៃដោយសហគមន៍អន្តរជាតិថា នឹងរំពឹងមានភាពប្រសើរជាងមុន តាមរយៈការអង្កេតលើការបើកចំហថវិកា (Open Budget Survey -OBS) ដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership - IBP)។

លោកបន្តថា ភាពប្រសើរឡើងនៃស្ថានភាពតម្លាភាពថវិកានៅកម្ពុជា បានរួមចំណែកដោយកត្តាជាច្រើន ដែលក្នុងនោះកត្តាចម្បង គឺការផ្សព្វផ្សាយឯកសារថវិកា បានទាន់ពេលវេលាជាមួយនឹងការពង្រឹងគុណភាពនៃឯកសារថវិកា ឱ្យមានភាពគ្រប់ជ្រុងជ្រោយជាងមុន។

ជាក់ស្តែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ នៅលើគេហទំព័ររបស់ក្រសួងជាលើកដំបូង ដែលកន្លងមកក្រសួងធ្លាប់បានផ្សព្វផ្សាយ ត្រឹមតែខ្លឹមសារសង្ខេប ប្រតិបត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុប៉ុណ្ណោះ។

ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​ដឹកនាំការងារ ​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) កម្ពុជាបានចូលរួមការអង្កេតលើការបើកចំហថវិកា ដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ និងប្រព្រឹត្តទៅជារៀងរាល់២ ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨​ មក។

ការអង្កេតនេះចូលរួមដោយប្រទេសប្រមាណជាង ១០០ នៅជុំវិញពិភពលោក ហើយផ្តោតសំខាន់លើ ៣ទិដ្ឋភាព រួមមាន៖ (១) តម្លាភាពថវិកា, (២) ការចូលរួមរបស់សាធារណជន ក្នុងដំណើរការថវិកា និង (៣) ការត្រួតពិនិត្យថវិកា, ខណៈសន្ទស្សន៍នៃការអង្កេតលើការបើកចំហថវិកា (Open Budget Index - OBI) ផ្តោតតែលើទិដ្ឋភាពតម្លាភាពថវិកាប៉ុណ្ណោះ។

ឯកសារគោលសំខាន់ៗទាំង៨ ដែលត្រូវបានប្រើប្រាស់ សម្រាប់ការវាយតម្លៃការបើកចំហថវិការួមមាន៖
១៖ ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណ: សម្រាប់ការរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ ឬសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
២៖ សេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល
៣៖ ច្បាប់ហិរញ្ញវត្ថុសមា្រប់ការគ្រប់គ្រងប្រចាំឆ្នាំដែលបានអនុម័ត
៤៖ សៀវភៅថវិកាសង្ខេប ឬសៀវភៅថវិកាពលរដ្ឋ
៥៖ របាយការណ៍ក្នុងឆ្នាំ (របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ, របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, -ល-)
៦៖ របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
៧៖ ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ ឬរបាយការណ៍ដំណាច់ឆ្នាំ និង
៨៖ របាយការណ៍សវនកម្ម លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនាំពាក្យរូបនេះបន្តថា ឯកសារគោលសំខាន់ៗទាំង ៨នេះ ត្រូវបានរៀបចំ និងផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នកំពូលមួយចំនួននៃរាជរដ្ឋាភិបាល។ អគ្គនាយកដ្ឋានដែលដើរតួនាទីសំខាន់ក្នុងការរៀបចំ និងផ្សព្វផ្សាយឯកសារថវិការួមមាន អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ខណៈស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល មានដូចជា ព្រឹទ្ធសភា រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ក៏មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យថវិកា និងការលើកកម្ពស់ការចូលរួមរបស់សាធារណជន ក្នុងដំណើរការថវិកា។

រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាមានវឌ្ឍនភាពល្អ ក្នុងការរៀបចំ និងផ្សព្វផ្សាយឯកសារថវិកាសំខាន់ៗ ដោយបានផ្លាស់ប្តូរពីការរៀបចំយឺតយ៉ាវ មករៀបចំបានទាន់ពេលវេលា ពីមិនបានផ្សព្វផ្សាយសម្រាប់ឯកសារមួយចំនួន មកផ្សព្វផ្សាយជាសាធារណៈ។

ការកើនឡើងនៃពិន្ទុ OBS របស់កម្ពុជាបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាខ្ពស់ ដែលនាំឱ្យកម្ពុជាសម្រេចបានវឌ្ឍនភាពល្អ ទាំងការលើកកម្ពស់តម្លាភាពថវិកា និងការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈទាំងមូល។

តម្លាភាពថវិកា នៅក្នុងបរិបទកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ដោយសារតម្លាភាពបានជួយបង្កើនទំនុកចិត្តរបស់វិនិយោគិន និងជាធាតុចូលដល់តួអង្គអភិវឌ្ឍន៍ទាំងអស់ ក្នុងការសម្រេចចិត្តនានា៕