(ហាណូយ)៖ គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Van Thinh Phat របស់វៀតណាមនឹងត្រូវកាត់ទោសដោយចោទប្រកាន់កេងប្រវ័ញ្ចប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារពីធនាគារមួយ «ក្នុងគោលបំណងផ្ទាល់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ព័ត៌មានពីគេហទំព័ររដ្ឋាភិបាលវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា លោកស្រី Truong My Lan នឹងត្រូវកាត់ទោសនៅតុលាការប្រជាជនទីក្រុងហូជីមិញពីបទកេងបន្លំ ស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ តែមិនបានបញ្ជាក់ថាតើការកាត់ក្តីនឹងចាប់ផ្តើមនៅពេលណានោះទេ។

យោងតាមគេហទំព័ររដ្ឋាភិបាល លោកស្រី Lan ត្រូវបានចោទប្រកាន់ថាបានបង្កើតពាក្យស្នើសុំកម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលលោកស្រីកាន់កាប់ភាគហ៊ុនជាង ៩០ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារនេះ។

គេហទំព័ររដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា៖ «ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកស្រី Truong My Lan បានចេញបញ្ជាឱ្យបង្កើតពាក្យស្នើសុំប្រាក់កម្ចីក្លែងក្លាយចំនួន ៩១៦ពាក្យស្នើសុំ ដែលដកយកប្រាក់បានជាង ៣០៤លានលានដុង (១២,៥ពាន់លានដុល្លារ) ពីធនាគារ SCB»

មនុស្ស ៨៥នាក់ផ្សេងទៀត រួមទាំងអតីតមន្ត្រីមួយរូបនៃធនាគារកណ្តាលវៀតណាមផងដែរ ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន ៥,២លានដុល្លារអាមេរិក ក៏នឹងត្រូវប្រឈមនឹងការកាត់ទោសនៅតុលាការទីក្រុងហូជីមិញផងដែរ។

បង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat គឺជាម្ចាស់សណ្ឋាគារលំដាប់ខ្ពស់ ភោជនីយដ្ឋាន និងអាផាតមិនប្រណីត ហើយថែមទាំងបានវិនិយោគក្នុងសេវាកម្មហិរញ្ញវត្ថុផងដែរ។

បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP តម្លៃទ្រព្យសម្បត្តិដែលត្រូវបានចោទប្រកាន់របស់លោកស្រី Lan ស្មើនឹងប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ២០២២៕