(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣នេះ ចំណូលពន្ធដែលទទួលបានពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មានទឹកប្រាក់ ២៧៦.៥២ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៦៨.២៨លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេច បាន ២៧៦.៥២ ប៊ីលានរៀល (ប្រមាណជា៦៨.២៨ លានដុល្លារ) ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន៨៣សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)។

សូមជម្រាបថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២២មក។

ក្រុមហ៊ុនក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បានមកចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងនោះក៏រួមមានផងដែរ នូវក្រុមហ៊ុនអន្តរជាតិធំៗ ជាអាទិ៍ ក្រុមហ៊ុន Microsoft, Google, Facebook (Meta), Apple, Netflix, Amazon និង Tik Tok ជាដើម៕