(ភ្នំពេញ)៖ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក កើនឡើងរហូតដល់ជិត១ពាន់ភាគរយ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹម១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ចំនួន ១៨.៥៤លានដុល្លារ កើនឡើង៩៥៦.៥៦ភាគរយ។

ឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) បានថ្លែងថា «បន្ទាប់ពីមានការអនុញ្ញាតឲ្យនាំចូលមៀនស្រស់ ដោយត្រង់ពីប្រទេសកម្ពុជា ទៅប្រទេសចិនរួចមក ខ្ញុំកត់សំគាល់ឃើញការនាំចេញផ្លែមមៀនស្រស់កម្ពុជា មានការកើនឡើងគួឲ្យកត់សំគាល់ ពិសេសកំឡុងពេលចូលឆ្នាំចិន ទីផ្សារផ្លែមៀននៅប្រទេសចិន មានតម្រូវការខ្ពស់»។

ឧកញ៉ាបណ្ឌិតបានបន្ដថា បច្ចុប្បន្នទីផ្សារធំរបស់ប្រទេសកម្ពុជា ក្នុងការនាំចេញផ្លែមៀនស្រស់រួមមានប្រទេសថៃ និងប្រទេសចិន ដោយការនាំចេញផ្លែមៀនស្រស់ មានបរិមាណប្រមាណ ១៥ ០០០ទៅ ២០ ០០០តោនក្នុង១ឆ្នាំ ហើយយើងសង្ឃឹមថា កំណើននេះនឹងបន្ដកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។

ឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា «ការកើនឡើងយ៉ាងលឿននេះ ដោយសារតែកម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជាទិញមៀនខ្មែរពីសំណាក់ក្រុមហ៊ុនដ៏ធំរបស់ចិន ដែលនាំផ្លែឈើយកទៅលក់ក្នុងប្រទេសចិន និងដោយមានការសហការដៃគូ ជាមួយក្រុមហ៊ុនយក្សអាលីបាបា (Alibaba)»។

សូមជម្រាបថា ​ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ​កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទៅប្រទេសចិនមានចំនួន ១១ ៤០៣.២៣តោន។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស៕