​(ភ្នំពេញ)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបរិយាកាសពាណិជ្ជកម្មរបស់កម្ពុជា និងជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ក្រសួងពាណិជ្ជកម្ម សហការជាមួយស្វីសខនថាក់ (Swisscontact) នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិ​គ្រោះយោបល់​លើក្របខ័ណ្ឌគោលនយោបាយជាមួយនឹងវិស័យឯកជន អំពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច​ ដើម្បី​ជំរុញការនាំចេញកញ្ចប់ទំនិញខ្នាតតូច របស់សហគ្រាសខ្នាតតូច និងមធ្យមទៅកាន់ទីផ្សារអន្តរជាតិ។

លោក ​រ៉ាជីវ ប្រាដ្ឋាន នាយកប្រចាំប្រទេសនៃអង្គការស្វីសខនថាក់ បានថ្លែងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលមានចំនួន ៩៨%នៃអាជីវកម្ម និងរួមចំណែកជាង ៧៣%ដល់ការបង្កើតការងារ និង ៥៨%ដល់ផលិតផលក្នុងស្រុកសរុប។ តែយ៉ាងសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ​បានរួមចំណែកត្រឹមតែ ១០% ប៉ុណ្ណោះនៃការនាំចេញរបស់កម្ពុជា ដែលស្មើនឹងប្រមាណ ១.៦ពាន់ដុល្លារក្នុងឆ្នាំ២០២០។

តែយ៉ាងណាលោកកត់សម្គាល់ថា SME នៅក្នុងប្រទេសអាស៊ានមួយចំនួនទៀត រួមចំណែកដល់ទៅ ៣០%នៃការនាំចេញ ក្នុងនោះនៅប្រទេសម៉ាឡេស៊ី ២៨.១% ថៃ ៣៤.៧% និងហ្វីលីពិន ៣៣.៤%។ ទិន្នន័យនេះ បានបញ្ជាក់ថា ប្រសិនបើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានការគាំទ្រកាន់តែប្រសើរឡើង ក្នុងការជំរុញការនាំចេញ ឱ្យស្មើនឹងប្រទេសទាំងនោះ នឹងនាំមកនូវចំនួនទឹកប្រាក់បន្ថែមប្រហែល ៣ពាន់លានដុល្លារសម្រាប់ទីផ្សារនាំចេញ។

លោកបន្ថែមថា ការពង្រឹងសមត្ថភាពនាំចេញរបស់ SME​ មានន័យថា ជាការផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យម ។

លោកមានប្រសាសន៍បន្តថា «យើងទាំងអស់គ្នាដឹងហើយថា ប្រទេសកម្ពុជាបាន និងកំពុងលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិផងដែរដោយភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់កំពុងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយ និងទីផ្សារផលិតផលកម្ពុជារបស់យើងនៅក្រៅប្រទេស ដូច្នេះហើយនឹងចូលរួមចំណែកក្នុងការបង្កើនការនាំចេញរបស់យើង»

លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងវិវត្តយ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីថ្នាលថ្មីទាំងនេះ ។ ពាណិជ្ជកម្មប្រភេទនេះ បានផ្តល់នូវគុណសម្បត្តិដែលពោពេញទៅដោយសក្តានុពលជាច្រើន សម្រាប់អាជីវកម្ម ដូចជាការកាត់បន្ថយថ្លៃដើម ពេលវេលា បង្កើនការលក់ និងផលិតភាពពង្រីកវិសាលភាពទីផ្សារ ព្រមទាំងបង្កើនការគាំទ្រពីអតិថិជន។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆតា ចូលរួមពង្រីកការវិនិយោគ ទៅលើការបង្កើតក្របខណ្ឌ គតិយុទ្ធ ការពង្រឹង ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ព័ត៌មាន និងពង្រឹងសមត្ថភាព សហគ្រាសធុនតូច មីក្រូ និងមធ្យម។

​តាមរយៈសិក្ខាសាលានាថ្ងៃនេះ លោកស្រីលើកទឹកចិត្តដល់ ម្ចាស់សហគ្រាស ធុនតូច និងមធ្យម ​​ពិភាក្សា និងលើកនូវសំណូមនានាមកក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នផ្សេងៗ រួមនឹងភាគីពាក់ព័ន្ធដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងការអនុវត្តក្របខណ្ឌគោលនយោបាយសម្រាប់ការកែលម្អ ពង្រឹងបរិយាកាសពាណិជ្ជកម្ម និងជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឆ្លងព្រំដែនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមស្ថានភាពជាក់ស្តែងនៅកម្ពុជា។​

​សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SeT4SME) គឺជាគំនិតផ្តូចផ្តើមដោយសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (GATF) ដែលត្រូវបានអនុវត្តន៍ដោយស្វីសខន់ថាក់ (Swisscontact) ក្រោមកិច្ចសហការ ជាមួយមួយភាគីពាក់ព័ន្ធសំខាន់ៗ ដូចជា ក្រសួងពាណិជ្ជកម្ម (MoC) អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ប្រៃសណីយ៍កម្ពុជា (CP) សហភាពប្រៃសណីយ៍សកល (UPU) សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)​៕