(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលទទួលបានចំណូលពន្ធដារ សម្រាប់ថវិកាជាតិបានប្រមាណ ១៣ ៥៥៦.០៦ប៊ីលានរៀល (ប្រមាណជា ៣ ៣៤៧.១៨លានដុល្លារ) ស្មើនឹង៩៣.៧១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទិន្នន័យថវិកាចំណូលពន្ធដារនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឱកាសនោះ លោក គង់ វិបុល បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុង ការពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារ ជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញកាលពីជំនួបក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ដូចជាការបន្តពង្រឹងការអនុវត្ត ប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់ថែមទៀត តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាពនៃការផ្ដល់សេវានិងប្រសិទ្ធភាពការងារ។

លោកបានជំរុញឱ្យមានការរៀបចំសេចក្តីព្រាងសៀវភៅណែនាំ ស្តីពីសវនកម្មពន្ធដារ និងបែបបទ និងនីតិវិធីនៃការអនុវត្តធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីរាជការពន្ធដារ និងអ្នកជាប់ពន្ធ (SOP) និងបានលើកឡើងអំពីសារសំខាន់ និងភាពចាំបាច់ជាបន្ទាន់ ក្នុងការបញ្ចប់សេចក្តីព្រាងឯកសារនេះ ឱ្យបានមុនដំណាច់ឆ្នាំនេះ ដើម្បីដាក់ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័ត សម្រាប់ដាក់អនុវត្តជាក់ស្តែង។

លោកបានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិង កំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរដែលជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូលុះ៕