(ក្រុងឡុងដ៍)៖ ប្រេងឆៅបានធ្លាក់ចុះថ្លៃនៅថ្ងៃអង្គារ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការបង្កើតក្រុមការងារមួយដើម្បីការពារពាណិជ្ជកម្មនៅសមុទ្រក្រហមពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធយេម៉ែនដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបានរំខានដល់ពាណិជ្ជកម្មតាមសមុទ្រ និងបង្ខំឱ្យក្រុមហ៊ុនផ្លាស់ប្តូរផ្លូវនាវាដឹកជញ្ជូនប្រេង។

កាលពីថ្ងៃចន្ទ ប្រេងឆៅបានឡើងថ្លៃជិត ២ភាគរយបន្ទាប់ពីកប៉ាល់ដឹកប្រេងរបស់ប្រទេសន័រវេសត្រូវបានវាយប្រហារ ហើយក្រុមហ៊ុនប្រេង BP របស់អាមេរិកបានឱ្យដឹងថា ខ្លួនបានផ្អាករាល់ការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម ដែលបង្កើនការព្រួយបារម្ភលើការរំខានដល់ការផ្គត់ផ្គង់ប្រេង។ ប្រហែល ១២ភាគរយនៃចរាចរដឹកជញ្ជូនប្រេងពិភពលោកឆ្លងកាត់តាមព្រែកជីកស៊ុយអេដែលចូលតាមសមុទ្រក្រហម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ថ្លៃ ២២សេន ឬ ០,៣ភាគរយ មកនៅត្រឹម ៧៧,៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារ។ ប្រេងឆៅ ប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកក្នុងកិច្ចសន្យាចែកចាយនៅខែមករាដែលផុតកំណត់នៅថ្ងៃអង្គារបានធ្លាក់ចុះថ្លៃ ៤២សេនមកនៅត្រឹម ៧២,០៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាសម្រាប់ចែកចាយនៅខែកុម្ភៈបានធ្លាក់ចុះថ្លៃ ២៧សេន។

លោក John Evans ឈ្មួញកណ្តាលប្រេងមកពីក្រុមហ៊ុន PVM បានប្រាប់រ៉យទ័រថា ទោះបីជាការវាយប្រហារលើការដឹកជញ្ជូនបានបង្កើនហានិភ័យភូមិសាស្ត្រនយោបាយក៏ដោយ «ក៏ឥទ្ធិពលជាក់ស្តែងលើលំហូរប្រេងទំនងជាមានកម្រិត»។ លោកបានមានប្រសាសន៍ថា៖ «ការវាយប្រហារមិនបានប៉ះពាល់អ្វីដែលរំខានដល់ការផលិតនោះទេ»

ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស សីស្ហែល និងអេស្បាញ ជាប្រទេសដែលចូលរួមក្នុងប្រតិបត្តិការការពារពាណិជ្ជកម្មនេះ។

អ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs បាននិយាយថា ការរំខាននេះទំនងជាមិនមានផលប៉ះពាល់ខ្លាំងដល់តម្លៃឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងឆៅទេ ពីព្រោះឱកាសក្នុងការផ្លាស់ប្តូរផ្លូវនាវាបានបង្ហាញថា ការផលិតមិនគួររងប៉ះពាល់ដោយផ្ទាល់នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕