(សេអ៊ូល)៖ ក្រុមហ៊ុន Hyundai Motor គ្រោងនឹងលក់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក្នុងតម្លៃនិមិត្តរូបចំនួន ៧ពាន់រូប្ល (៧៧,៦៧ដុល្លារអាមេរិក) ដែលធ្វើឱ្យក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះក្លាយជាក្រុមហ៊ុនផលិតរថយន្តពិភពលោកចុងក្រោយគេបង្អស់ដែលលក់ទ្រព្យសម្បត្តិនៅរុស្ស៊ីចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Hyundai Motor បានឱ្យដឹងនៅក្នុងឯកសារបទប្បញ្ញត្តិមួយថា ខ្លួននឹងខាតបង់ប្រាក់ ២៨៧ពាន់លានវ៉ុន (២១៩,១៩លានដុល្លារ) ពីការលក់រោងចក្រនេះដែលផ្អាកប្រតិបត្តិការតាំងពីខែមីនា ឆ្នាំ២០២២មក។

ក្រុមហ៊ុន Hyundai បានឱ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើការងារលើការផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងរោងចក្រនៅទីក្រុង St. Petersburg ទៅឱ្យក្រុមហ៊ុន Art-Finance របស់ប្រទេសរុស្ស៊ី និងការទិញលក់នេះរួមបញ្ចូលទាំងជម្រើសទិញត្រឡប់មកវិញផងដែរ។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនេះនៅត្រឹមថ្ងៃទី២៨ ខែធ្នូ។

មន្ត្រីរបស់ក្រុមហ៊ុន Hyundai Motor បាននិយាយថា ខ្លួននឹងទទួលបានប្រាក់សរុបចំនួន ១ពាន់រូប្លសម្រាប់ការលក់ទ្រព្យសម្បត្តិនៅរុស្ស៊ីទាំងអស់របស់ខ្លួន។

ក្រុមហ៊ុន Hyundai និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Kia Corp ស្ថិតក្នុងចំណោមម៉ាកយីហោលក់ដាច់បំផុតទាំងបីនៅក្នុងប្រទេសរុស្ស៊ីមុនពេលកើតមានសង្គ្រាម។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនលំដាប់ពិភពលោកនានាបានដកខ្លួនចេញពីប្រទេសនេះ ហើយក្រុមហ៊ុនចិនចូលក្នុងប្រទេសរុស្សីជំនួសវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕