(ប៉េកាំង)៖ លោក Wang Yiming ទីប្រឹក្សាផ្នែកគោលនយោបាយរបស់ធនាគារកណ្តាលចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិនអាចសម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយនៅឆ្នាំ២០២៤។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Wang ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុងប៉េកាំងថា សេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹងកើនឡើង ៥ភាគរយនៅឆ្នាំក្រោយ ប្រសិនបើការវិនិយោគកើនឡើងពី ៤ ទៅ ៥ភាគរយ ការប្រើប្រាស់កើនឡើងពី ៦ ទៅ ៧ភាគរយ ហើយការនាំចេញវិលត្រឡប់មករកកំណើនវិញ។

លោក Wang បាននិយាយថា ប្រទេសចិនមានលំហរដើម្បីបង្កើនការគាំទ្រសម្រេចសេដ្ឋកិច្ច ដោយសារតែបន្ទុកបំណុលរបស់រដ្ឋាភិបាលកណ្តាលរបស់ខ្លួនមានកម្រិតទាប ហើយតម្លៃទំនិញប្រើប្រាស់ក៏ទាបផងដែរ។

តម្លៃទំនិញប្រើប្រាស់នៅប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេលបីឆ្នាំក្នុងខែវិច្ឆិកា។

លោក Wang បានបន្ថែមថា ប្រទេសចិនអាចកាត់បន្ថយអត្រាការប្រាក់បាន ខណៈដែលធនាគារកណ្តាលអាមេរិកទំនងជាឈប់ដំឡើងអត្រាការប្រាក់របស់ខ្លួន ទោះបីជាគម្លាតអត្រាការប្រាក់ដ៏ធំរវាងប្រទេសទាំងពីរ និងការព្រួយបារម្ភអំពីផលប៉ះពាល់លើធនាគារអាចជាឧបសគ្គក្ដី។

នៅក្នុងសន្និសីទការងារសេដ្ឋកិច្ចកណ្តាលប្រចាំឆ្នាំដែលធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ មេដឹកនាំចិនបានសន្យាថានឹងកែសម្រួលគោលនយោបាយដើម្បីគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៤។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរំពឹងថានឹងសម្រេចបានតាមទិសដៅរបស់រដ្ឋាភិបាលដែលមានអត្រាប្រហែល ៥ភាគរយនៅឆ្នាំនេះ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕