(តូក្យូ-ជប៉ុន)៖ តាមរយៈសិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានលើកឡើងពីសក្តានុពលដ៏អំណាយផលជាច្រើនរបស់កម្ពុជា ដើម្បីទាកទាញដល់វិនិយោគិនជប៉ុន ឱ្យសម្រេចចិត្តបោះទុនបន្ថែមនៅកម្ពុជា។

សិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចូលរួមពីវិនិយោគិនជប៉ុន និងកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ យូរលង់ណាស់មកហើយ។ ចាប់តាំងពីការបង្កើតចំណងកាទូតនៅឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ចំណងទាក់ទងប្រទេសទាំងពីរ កាន់រឹងមាំនិង កាន់តែស៊ីជម្រៅ។ ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងជប៉ុន។

ប្រទេសទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានកសាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

អ្នកឧកញ៉ាបន្ថែមទៀតថា ជប៉ុន គឺដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជា ហើយក៏ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣ ជប៉ុនបានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ២.៩ ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងវិនិយោគចំនួន១៥១។

ក្រុមហ៊ុនល្បីឈ្មោះមួយចំនួនរបស់ជប៉ុន ដែលកំពុងមានប្រិតិបត្តិការនៅកម្ពុជារួមមាន៖ Toyota, MinebeaMitsumi, Sumi Wiring, Honda, Canon, AEON Malls, និង Panasonic។ ជប៉ុន គឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជាផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនដល់១.៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈ១០ខែដំបូងនៃឆ្នាំ២០២៣។ ជាងនេះទៅទៀត ជប៉ុន បាននិងកំពង់ផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជា ដោយផ្តោតទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស។

ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ហើយក៏ជាឆ្នាំនៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដែរ។ អាស៊ាន និងជប៉ុន មានទស្សនវិស័យរួមសម្រាប់តំបន់ប្រកបដោយ
សន្តិភាព ស្ថិរភាព វិបុលភាព និងធន់នឹងវិបត្តិ ជាតំបន់ដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ។

កម្ពុជា គឺជាសមាជិកអាស៊ាន និងជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលមានទីតាំងយុទ្ធសាស្ត្រ នៅចំបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជា គឺជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយ នៅក្នុងតំបន់ ដោយមានអត្រាកំណើន ៧.៧% ក្នុងមួយឆ្នាំរយៈពេលជាងពីរទសវត្ស។

កម្ពុជា គឺជាចំនុចមូលដ្ឋាន ទីផ្សារទៅកាន់ប្រទេស RCEP។ កម្ពុជាមានទីតាំងដ៏សមស្របបំផុត ជាប់នឹងប្រទេសជិតខាងដែលមានប្រជាជនច្រើន គឺប្រទេសថៃ ៧១លាននាក់ និងវៀតណាម ៩៨លាននាក់។ កម្ពុជា មានកម្លាំងពលកម្មវ័យក្មេង និងពលកម្មជំនាញច្រើន។

ជប៉ុន អាចទទួលបានច្រើនយ៉ាងពីកម្ពុជា ទាំងទីផ្សារ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាដៃគូយុទ្ធសាស្ត្រ និងនយោបាយ ដែលអាចជួយជប៉ុន ក្នុងការលើកកម្ពស់តួនាទី និងជំហររបស់ជប៉ុននៅក្នុងតំបន់។ ២៥ ឆ្នាំខាងមុខ គឺជារបត់ថ្មីសម្រាប់កម្ពុជា។

កម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវ ច្បាប់ស្តីពីសារពើពន្ធ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ច្បាប់នេះ មានគោលដៅ បង្កើតបរិយាកាសវិនិយោគ ដែលមានតម្លាភាពអាចប៉ាន់ស្មានបាន និងអំណោយផលដល់ការវិនិយោគ ក៏ដូចជាបង្ការការគេចពន្ធ។.

ជាងនេះទៅទៀត នៅឆ្នាំ២០២១ ច្បាប់ស្តីវិនិយោគ ត្រូវបានអនុម័ត ដោយមានគោលដៅចម្បង ក្នុងការបង្កើតក្របខណ្ឌគតិយុត្តអំណោយផល ដល់ការវិនិយោគ និងទាក់ទាញការវិនិយោគដែលមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេលវែង សំដៅសម្រេចឲ្យបាន កម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកឧកញ៉ាបានថ្លែងថា «ខ្ញុំសូមជំរុញលើកទឹកចិត្ត ក្រុមហ៊ុនជប៉ុន និងកម្ពុជាស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា។ ដើម្បីជំរុញសកម្មភាពធុរកិច្ច និងទេសចរណ៍ ខ្ញុំសូមជំរុញក្រុមហ៊ុន ANA បើកការហោះហើរត្រង់ឡើងវិញពីជប៉ុនមកកម្ពុជា»

ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកកម្ពុជា បានចាត់ទុកការរៀបចំសិក្ខាសាលវិនិយោគកម្ពុជានេះ គឺជាពេលវេលាដ៏សមស្របបំផុត ក្នុងការផ្លាស់ប្តូរទស្សនៈនិងព័ត៌មាន ស្វែងរកកាលា-នុវត្តភាពថ្មីនិងសក្តានុពល និងចាប់ដៃគូថ្មី ហើយសិក្ខាសាលានេះនឹងដើរតួជា គ្រឿងជំរុញ លំហូរពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការធុរកិច្ចនិងនវានុវត្តន៍ និង ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរ៕