(កូឡុំបូ)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានកើនឡើង ១,៦ភាគរយនៅក្នុងត្រីមាស២ ខណៈដែលប្រទេសនេះកំពុងព្យាយាមចាកចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍ បន្ទាប់ពីការធ្លាក់ចុះប្រាក់បម្រុងរូបិយប័ណ្ណបរទេសខ្លាំងមិនធ្លាប់មាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិរបស់ប្រទេសស្រីលង្កាថា កំណើនសេដ្ឋកិច្ចនេះគឺជាកំណើនលើកដំបូងចាប់តាំងពីចុងឆ្នាំ២០២១មក ដែលត្រូវបានជំរុញដោយមូលដ្ឋានប្រៀបធៀបទាប ការថយចុះអតិផរណា ការឡើងថ្លៃរូបិយប័ណ្ណ និងអត្រាការប្រាក់ទាប។

នាយកដ្ឋានជំរឿននិងស្ថិតិរបានឱ្យដឹងថា វិស័យកសិកម្មរបស់ប្រទេសស្រីលង្កាបានកើនឡើង ៣ភាគរយធៀបនឹងឆ្នាំមុន ហើយទិន្នផលឧស្សាហកម្មបានកើនឡើង ០,៣ភាគរយ ខណៈពេលដែលសេវាកម្មកើនឡើង ១,៣ភាគរយ។

ជាមួយនឹងជំនួយចំនួន ២,៩ពាន់លានដុល្លារក្នុងខែមីនាដែលផ្តល់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចស្រីលង្កាបានចាប់ផ្តើមដំណើរលើផ្លូវដ៏ឈឺមួយចាប់ឆ្ពោះទៅរកកំណើន។ ប្រទេសនេះទទួលបានកញ្ចប់ថវិកាសង្គ្រោះលើកទី២ នៃថវិកាសង្គ្រោះន២,៩ពាន់លានដុល្លារនេះចំនួន ៣៣៧លានដុល្លារក្នុងសប្តាហ៍មុន ទោះបីជាមូលនិធិ IMF បានព្រមានប្រទេសដីកោះនេះថាមិនទាន់ចាកចេញពីវិបត្តិនៅឡើយក្តី។

មូលនិធិ IMF បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៣,៦ភាគរយនៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ ៧,៨ភាគរយក្នុងឆ្នាំ២០២២។

កំណើនសេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំនឹងត្រលប់មកវិញនៅឆ្នាំក្រោយ ដោយមានការព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើនឡើង ១,៨ភាគរយ ប៉ុន្តែបញ្ហាប្រឈមកំណែទម្រង់នៅតែមាននៅពេលខាងមុខ ដូចជាពន្ធខ្ពស់ កំណែទម្រង់ចំពោះសហគ្រាសរដ្ឋដែលខាតបង់ និងការរៀបចំបំណុលឡើងវិញពេញលេញសម្រាប់បំណុលបរទេសជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕