(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet បានចាប់ផ្តើមបើកការហោះហើរជាដំបូងរបស់ខ្លួន រវាងទីក្រុងហាណូយប្រទេសវៀតណាម និងខេត្តសៀមរាប បន្ទាប់ពីអាកាសយានសៀមរាបអង្គរថ្មីបានដាក់ឱ្យដំណើរការ។

យោងតាមសេចក្តីប្រកាសព័តមានរបស់ Vietjet បានឱ្យដឹងថា ជើងហោះហើរដំបូងពីហាណូយទៅកាន់ខេត្តសៀមរាប បានធ្វើឡើងកាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល និងការមកដល់នៃ ឆ្នាំថ្មីឆ្នាំ ២០២៤ ។ជើងហោះហើរដំបូងនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំធុរកិច្ចនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងក្រុមហ៊ុន Vietjet ក៏ដូចជា ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរជាច្រើនដ៏ទៃទៀតផងដែរ។ អ្នកដំណើរនៅលើជើងហោះហើរ Vietjet ត្រូវបានស្វាគមន៍ដោយមានការជូនកាដូ ផ្កា និងពិធីស្វាគមន៍នានាផងដែរ។

ផ្លូវហោះហើរ សៀមរាប-ហាណូយ នឹងដំណើរការជើងហោះហើរទៅមកចំនួនប្រាំពីរជើងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរ ១ ម៉ោង និង ៤៥ នាទី សម្រាប់ជើងហោះហើរនីមួយៗ ដែលគេរំពឹងថានឹងជំរុញវិស័យទេសចរណ៍ និងពង្រីក ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជាផងដែរ។

 សូមជម្រាបថា មុននឹងដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់រវាង ហាណូយ-សៀមរាប នាយករដ្ឋមន្ត្រីវៀតណាម និងកម្ពុជាបានសម្តែងការអបអរសាទរ និងជឿជាក់ថា ផ្លូវថ្មីនេះនឹងរួមចំណែកពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។ជាមួយនឹងការអបអរសាទរជើងហោះហើរថ្មីនេះ ថ្លៃសំបុត្រយន្តហោះមានតម្លៃ គឺចាប់ពី០ដុល្លារ (ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) ឬចាប់ពីត្រឹមតែ ៦៥ ដុល្លារក្នុងមួយជើង (រួមបញ្ចូលពន្ធ និងថ្លៃសេវា)

ខេត្តសៀមរាប គឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចង់ទៅទស្សនាប្រាសាទ អង្គរវត្ត ដែលគេចាត់ទុកថាជាសំណង់សាសនាដ៏ធំបំផុតរបស់ពិភពលោក។ ភ្ញៀវទេសចរនៅខេត្តសៀមរាប អាចទទួលបានបទពិសោធន៍អំពីវប្បធម៌ និងបដិសណ្ឋារកិច្ចដ៏ពិសេសរបស់កម្ពុជាផងដែរ។

លើសពីនេះទៅទៀត ក្នុងកំឡុងពេលបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាបនាពេលថ្មីៗ នេះមន្ត្រីមូលដ្ឋានបានរំពឹងថាអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ត សៀមរាបកាន់តែច្រើនថែមទៀត។

អាកាសយានដ្ឋានថ្មីនេះ មានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រាំពីរលាននាក់ក្នុង មួយឆ្នាំនិង ៦៥,៨០០ ជើងហោះហើរក្នុងមួយឆ្នាំ៕