(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យស្រូវអង្ករដ៏ល្បីឈ្មោះមួយរូប លោកឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា តម្លៃស្រូវ នៅឆ្នាំ២០២៤ នឹងកើនឡើងបន្តទៀត សម្រាប់ស្រូវគ្រប់ប្រភេទ ដែលនឹងធ្វើឱ្យកសិករសប្បាយចិត្ត។

លោកថា ក្នុងរយៈពេល៦ខែនេះ ពោលគឺបន្ទាប់ពីតម្លៃស្រូវចាប់ផ្តើមកើនឡើង ចាប់ពីខែមិថុនាមក បានកើនឡើងប្រមាណ ៣០ភាគរយ ដែលជាតម្លៃខ្ពស់មួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ បើទោះបីជាស្រូវកើនឡើងក៏ដោយ ប៉ុន្តែម្ចាស់រោងម៉ាស៊ីន ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ នៅតែបន្តសម្រុកទិញស្រុក សម្រាប់ស្តុកទុក ប្រជែងជាមួយឈ្មួញវៀតណាម សម្រាប់កិននាំចេញ។

លោកបន្តថា «ឥឡូវយើងដឹងហើយស្រូវអីក៏ថ្លៃដែរ មកដល់ពេលនេះមិនមានស្រូវណាមួយ ដែលតម្លៃអត់ល្អទេ បច្ចុប្បន្ននេះតម្លៃស្រូវម្លិះមួយគីឡូក្រាម ១៥០០រៀល តម្លៃស្រូវសែនក្រអូប (ស្រូវសើម) ១៤០០រៀល និងតម្លៃស្រូវដែលជាប្រភេសអង្ករស ១៣០០រៀល ក្នុងមួយគីឡូក្រាម។ ហើយឆ្នាំក្រោយតម្លៃក៏នៅតែល្អអីចឹង»។

បើតាមលោកឧកញ៉ា សុង សារ៉ន ស្រូវបានចាប់ផ្តើមកើនឡើង ចាប់តាំងពាក់កណ្តាលឆ្នាំ២០២៣នេះ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រទេសមួយចំនួន ក្នុងនៅអាស៊ីត្រូវការស្តុកបំរុងទុក ដើម្បីរក្សានូវស្ថេរភាពស្បៀង ក្នុងប្រទេសរបស់ពួកគេ ស្របពេលដែលប្រទេសឥណ្ឌាបិទការនាំចេញអង្ករបណ្តោះអាសន្ន។

លោកបានថ្លែងបន្តថា ខណៈប្រទេសឥណ្ឌាបិទការនាំចេញអង្ករសបណ្តោះអាសន្ន ទីផ្សារស្រូវប្រភេទអង្ករសនៅតែល្អ ប៉ុន្តែយ៉ាងណាកសិករត្រូវតែប្រុងប្រយ័ត្ន ព្រោះប្រសិនបើឥណ្ឌាបើកការនាំចេញអង្ករសវិញ នោះនឹងបង្កផលប៉ះពាល់ ព្រោះគ្មានប្រទេសណាមួយ ដែលអាចប្រកួតប្រជែងក្នុងការនាំចេញអង្ករសជាមួយឥណ្ឌាបានទេ។ នៅពេលដែលអង្ករសមិនអាចនាំចេញ នោះនឹងធ្វើឱ្យតម្លៃស្រូវ ប្រភេទអង្ករស ធ្លាក់ចុះ ហេតុនេះហើយកសិករត្រូវតាមដានស្ថានការ ក្នុងការសម្រេចចិត្តដាំដុះ ទៅលើប្រភេទស្រូវណាមួយ។

យ៉ាងនេះក្តី សហព័ន្ធស្រូវអង្ករនឹងពិនិត្យលទ្ធភាពថាគួរណែនាំឱ្យកសិករដាំដុះស្រូវប្រភេទអង្ករស ក្នុងកម្រិតណា ដើម្បីបម្រើឱ្យទីផ្សារអង្ករស។

សូមជម្រាបថា កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២៣ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេ នៅលើពិភពលោក បានបិទមិនឲ្យមានការនាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិស្បៀង នៅក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យតម្លៃអង្ករស នៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់។

ស្របពេលដែលស្ថានភាពតម្លៃអង្ករ នៅលើទីផ្សារអន្តរជាតិកើនឡើង បានធ្វើឱ្យតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងដែលមិនធ្លាប់មាន ពោលគឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវដូចជា ប្រភេទ អ៊ូអ៊ឹម ៥៤៥១ ប្រភេទស្រងែស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ ៤០% គឺពីមុនតម្លៃមធ្យម ៩០០ រៀលក្នុងមួយគីឡូក្រាម ឡើងទៅដល់ ១ ៣០០ រៀលក្នុងមួយគីឡូក្រាមនៅវាលស្រែ និងតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាមនៅព្រំដែននៃប្រទេសវៀតណាម៕