(ភ្នំពេញ)៖ លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះបានលើកឡើងថា ព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣» នឹងចូលរួមលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក កឹម ស៊ីថន តំណាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាព បើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្ដិការណ៍នេះ រៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ។

លោក កឹម ស៊ីថន បានឲ្យដឹងថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំ រៀបចំដោយក្រសួងពាណិជ្ជកម្ម បានចំនួន១៥លើក រួចមកហើយចាប់តាំងពីការរៀបចំ ជាលើកដំបូងនៅឆ្នាំ២០០៦ កន្លងមក និងមានការចូលរួមគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធ មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកថា ព្រឹត្តិការណ៍នេះ បានរួមចំណែកជួយផ្សព្វផ្សាយ ពីសភាពការណ៍ពិតជាក់ស្ដែង នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាជាពិសេស បានរួមចំណែកអនុវត្តគោលនយោបាយវិត្ថារកម្ម របស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌។

បន្ថែមពីនោះទៀតលោក កឹម ស៊ីថន បានគូសបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសបានជួបពិភាក្សាគ្នា ដោយផ្ទាល់លើកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការធ្វើធុរកិច្ច និងវិនិយោគ ទៅវិញទៅមកក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកផងដែរ។

រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្ម បានក្លាយជាសរសៃឈាម ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ គ្នាទៅវិញទៅមកនៅក្នុងតំបន់ និងក្នុងសកលលោក។

លោកបន្ដថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ មិនគ្រាន់តែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ តែវាគឺជាការអបអរសាទរ នៃស្មារតីសហគ្រិនភាព ភាពធន់នៃអាជីវកម្ម និងជាសក្ខីភាព នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការបង្កើតឱកាសលើការរកដៃគូវិនិយោគសម្រាប់កំណើន និងវិបុលភាពសង្គម។

បើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម, រហូតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន០៧ រួមមាន៖ ១.ម្រេចកំពត, ២.ស្ករត្នោតកំពង់ស្ពឺ, ៣.ផ្កាអំបិលកំពតកែប, ៤.ក្រូចថ្លុងកោះទ្រង់, ៥.បង្កងតាកែវ, ៦.ទឹកត្រីកំពតកែប និង ៧.ទឹកឃ្មុំព្រៃមណ្ឌលគិរី។

សូមជម្រាបថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អន្តរជាតិ ព្រមទាំងជំរុញការនាំចេញ-នាំចូលទំនិញ និងសេវាកម្មឲ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយ ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលឆ្នាំនេះ មានលក្ខណៈពិសេសជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការចូលរួមគាំទ្រពីប្រទេសចំនួន១៧ និងមានប្រតិភូមកពីបរទេសចូលរួមច្រើនជាងឆ្នាំមុន ដោយមានការរៀបចំស្តង់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើនដូចជា៖

* ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) រួមមានម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី ព្រមទាំងមានរៀបចំស្តង់តាំងបង្ហាញផលិតផលស្វាយចន្ទីកម្ពុជា ផលិតផលសូត្រ ផលិតផលហាឡាលកម្ពុជា ផលិតផលម្រេច និងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ។

* គ្រឿងសម្អាង និងតុបតែងកាយ រថយន្ត និងគ្រឿងបន្លាស់ សម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរសម្រាប់នាំចេញ គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ គ្រឿងអេឡិចត្រូនិក វត្ថុអនុស្សាវរីយ៍ ទំនិញប្រើប្រាស់ទូទៅមកពីបរទេស -ល-។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួនផងដែរដូចជា៖ ជំនួបពាណិជ្ជកម្មស្តីពីការជំរុញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី និងការប្រគំតន្ត្រីជាដើម៕