(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជាទទួលបានចំណូលជាង ៤៤៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១១ខែនេះ មានចំនួន៤៤៥ ៥២២ ២៣៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ៥០៣ ៤៣៩ដុល្លារ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣៣៣ដុល្លារ ក្នុង១តោន ថយចុះចំនួន ១១១ដុល្លារក្នុងមួយតោន ស្មើនឹង៧.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ គិតជាមធ្យម ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មានតម្លៃ២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕