(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិននឹងបង្កើនការកែសម្រួលគោលនយោបាយ ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរៀបចំរបៀបវារៈរបស់មេដឹកនាំកំពូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

វិនិយោគិនកំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើតម្រុយគោលនយោបាយ និងរបៀបវារៈកំណែទម្រង់នៅឆ្នាំក្រោយ ខណៈដែលទីក្រុងប៉េកាំងបាននិងកំពុងតស៊ូជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតក្នុងគ្រាដែលមានវិបត្តិលំនៅឋានកាន់តែខ្លាំង និងការកើនឡើងបំណុលរដ្ឋាភិបាល។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រព័ន្ធផ្សពផ្សាយរដ្ឋចិនបានរាយការណ៍ដោយលើកឡើងពីសន្និសីទការងារសេដ្ឋកិច្ចកណ្តាលប្រចាំឆ្នាំដែលធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១២ ខែធ្នូ ជាពេលដែលមេដឹកនាំកំពូលរបស់ប្រទេសចិនកំណត់ទិសដៅសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ ថា ប្រទេសចិននឹងផ្តោតលើការជំរុញតម្រូវការប្រកបដោយប្រសិទ្ធភាពនៅឆ្នាំក្រោយ និងខិតខំប្រឹងប្រែងពង្រីកតម្រូវការក្នុងស្រុក។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ទៀតថា ប្រទេសចិននឹងពង្រឹងការកែសម្រួលគោលនយោបាយប្រឆាំងវដ្ដធ្លាក់ចុះនិងឆ្លងវដ្ដម៉ាក្រូសេដ្ឋកិច្ច ដោយបានលើកឡើងថា៖ «ដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចបន្ថែមទៀត យើងត្រូវជម្នះការលំបាក និងបញ្ហាប្រឈមមួយចំនួន។ បញ្ហាចម្បងៗរួមមានកង្វះតម្រូវការប្រកបដោយប្រសិទ្ធភាព សមត្ថភាពលើសកម្រិតក្នុងឧស្សាហកម្មមួយចំនួន ការរំពឹងទុកសាធារណៈខ្សោយ និងហានិភ័យលាក់មុខជាច្រើនទៀត»

ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលនយោបាយសារពើពន្ធសកម្ម និងគោលនយោបាយរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ននៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕