(បាងកក)៖ រដ្ឋមន្ត្រីក្រសួងការងារថៃបានឱ្យដឹងកាលពីថ្ងៃអង្គារថា ថៃនឹងពិនិត្យឡើងវិញទៅលើសំណើសុំដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃជាមធ្យមចំនួន ២,៣៧ភាគរយ និងស្វែងរកការដំឡើងខ្ពស់ជាងសំណើនេះ បន្ទាប់ពីគណៈកម្មាធិការប្រាក់ឈ្នួលបានសម្រេចចិត្តផ្តល់ប្រាក់ឈ្នួលទាបជាងគោលដៅរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការអត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលដែលបានព្រមព្រៀងជាមួយមន្ត្រីរដ្ឋាភិបាល វិស័យឯកជន និងក្រុមសហជីពការងារកាលពីសប្តាហ៍មុនមានកម្រិតទាបពេក។

រដ្ឋមន្ត្រីក្រសួងការងារ លោក Phipat Ratchakitprakarn ត្រូវបានដកស្រង់ស្ដីដោយរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំមិនយល់ស្របនឹងផែនការដំឡើងប្រាក់ឈ្នួលនេះទេ ហើយចង់ឱ្យមានការពិចារណាឡើងវិញ»។ លោកបានបន្ថែមថា លោកនឹងស្នើឡើងម្តងទៀតនូវការដំឡើងប្រាក់ឈ្នួលផ្សេងមួយទៅកាន់គណៈរដ្ឋមន្ត្រីនៅចុងខែនេះ។

គណៈកម្មាធិការប្រាក់ឈ្នួល ដែលសមាសភាពរួមមានក្រុមហ៊ុនអាជីវកម្ម និងក្រុមសហជីពការងារ បានឯកភាពគ្នាដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ចន្លោះពី ៣៣០ បាតទៅ ៣៧០បាត (៩,៣៣ដុល្លារដល់ ១០,៤៦ដុល្លារ) ក្នុងមួយថ្ងៃ កើនឡើងពី ៣២៨បាត ទៅ ៣៥៤បាតនាពេលបច្ចុប្បន្ន។ កម្រិតប្រាក់ឈ្នួលនេះមានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយនៃផ្ទៃប្រទេស។

រដ្ឋាភិបាលថៃអាណត្តិមុនកាលពីខែតុលាឆ្នាំមុនបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៥,០២ភាគរយ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចបានធ្វើយុទ្ធនាការលើគោលនយោបាយប្រជានិយមដ៏សំខាន់មួយ នោះគឺការបង្កើនប្រាក់ឈ្នួលអប្បបរមាដល់ ៤០០បាតក្នុងមួយថ្ងៃ។

ក្រុមធុរកិច្ចបានបង្ហាញពីការកើនឡើងថ្លៃដើម និងប្រាក់ឈ្នួលថាជាកត្តាមួយក្នុងការរារាំងការប្រកួតប្រជែងក្នុងគ្រាដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ១,៥ ភាគរយដែលយឺតជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន ដែលជាកំណើនយឺតបំផុតនៅឆ្នាំនេះដោយសារការធ្លាក់ចុះការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។

សហព័ន្ធឧស្សាហកម្មថៃកាលពីថ្ងៃអង្គារបានលើកឡើងពីការព្រួយបារម្ភថា ប្រាក់ឈ្នួលអប្បបរមាកាន់តែខ្ពស់នឹងប៉ះពាល់ដល់អាជីវកម្មដែលនឹងរែកបន្ទុកលើការចំណាយរួមជាមួយនឹងអត្រាការប្រាក់កាន់តែខ្ពស់ក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាជាសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕