(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា​ បានឱ្យដឹងថា ការនាំចេញអង្ករពេញមួយឆ្នាំ២០២៣នេះ នឹងមានកំណើនប្រមាណពី ៥%ទៅ១០% បើធៀបទៅនឹងឆ្នាំ២០២២​ ពោលគឺអាចនាំចេញក្នុងរង្វង់ប្រមាណ ៦៧ម៉ឺនតោន ឬស្មើនឹង៩៥% នៃផែនការដែលបានចេញ ៧០ម៉ឺនតោន។

លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា បើទោះបីជាការនាំចេញអង្កររបស់កម្ពុជា មានកំណើនតិចតួចជាងប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាព្យាយាមនាំចេញក្នុងកម្រិត​គិតគូរ ដើម្បីកុំឱ្យមានការខាតបង់ ដល់ឧស្សាហកម្មស្រូវអង្ករ ដល់កសិករ និងអាចធ្វើឱ្យរោងម៉ាស៊ីន អាចរស់បានបើទោះបីជាពួកគេរងការខាតបង់តិចតួច។

លោកបានឱ្យដឹងថា កំណើននៃការនាំចេញអង្ករតិចតួចនេះ ​ដោយសារកម្ពុជាមិនមានស្រូវគ្រប់គ្រាន់ សម្រាប់នាំចេញនៅ​រយៈពេលចុងក្រោយនេះ ​ព្រោះបណ្តារោងម៉ាស៊ីន ដែលជាសមាជិករបស់សហព័ន្ធ ត្រូវប្រកួតប្រជែងទិញស្រូវពីកសិករ ជាមួយឈ្មួញវៀតណាម ខណៈ​តម្លៃអង្ករ និងស្រូវបានកើនឡើង។

លោកបានពន្យល់បន្ថែមថា «កំណើនឆ្នាំ២០២៣នេះ ខ្ញុំគិតថានឹងមានកំណើនប្រហាក់ប្រហែលពី៥%ទៅ១០% ហើយជាកំណើនមួយ ដែលយើងទទួលយកបាន។ និយាយត្រង់ទៅត្បិតតែយើងមិនសូវនិយាយ ប៉ុន្តែអង្ករយើង គឺល្អជាងប្រទេសជិតខាងទាំងគុណភាព ទាំងតម្លៃ គឺល្អប្រសើរ។ [...] យើងមានឱកាសកើនឡើងដល់៣០% ឯណោះ បើសិនជាយើងមានស្រូវនាំចេញគ្រប់គ្រាន់ យើងអត់មានស្រូវ ហើយមានកំណើនប្រមាណពី ៥%ទៅ១០%នេះ ប៉ុណ្ណឹងយើងថាល្អហើយ សម្រាប់យើងដែលស្រូវពុំមានហើយ យើងត្រូវប្រកួតប្រជែងជាមួយប្រទេសវៀតណាម ក្នុងការប្រមូលទិញស្រូវ ហើយយើងដឹងស្រាប់ហើយថាវៀតណាម ជាប្រទេសដែលមានការរីកចម្រើនខ្លាំងជាងយើង ទៅលើវិស័យស្រូវអង្ករទាំងឡសម្ងួត ឃ្លាំងស្តុកទុកដាក់ ការដឹកជញ្ជូន និងផែ»

​លោក​លើកឡើងថា កង្វះខាតស្រូវសម្រាប់នាំចេញនៅឆ្នាំនេះ ក៏នឹងជះឥទ្ធិពលដល់ការនាំចេញនៅឆ្នាំក្រោយផងដែរ។ មកទល់បច្ចុប្បន្ននេះ តម្លៃអង្ករនៅលើទីផ្សារ និងតម្លៃស្រូវនៅតែមានតម្លៃខ្ពស់ តែយ៉ាងណាម្ចាស់រោងម៉ាស៊ីននានា ត្រូវតែខិតខំប្រមូលទិញស្រូវពីកសិករ បើមិនដូច្នេះទេ មិនអាចប្រកួតប្រជែងជាមួយវៀតណាមបានឡើយ។

លោកបន្ថែមថា តម្លៃស្រូវអង្ករនៅឆ្នាំ២០២៤ នឹងបន្តឡើងទៀត ដែលកម្ពុជាអាចនឹងខ្វះខាតស្រូវ និងអង្ករ សម្រាប់នាំចេញនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដោយសារការប្រមូលផលស្រូវ​នៅដើមឆ្នាំពីខែមករា ដល់ខែមីនា មិនមានចំនួនច្រើន គ្រប់គ្រាន់សម្រាប់ការនាំចេញ​។ តែយ៉ាងនេះក្តី លោករំពឹងថា ចាប់ពីត្រីមាសទី២ ឆ្នាំ២០២៤ទៅ ​​សន្ទុះនៃនាំចេញនឹងកើនឡើងវិញ​ នៅពេលរដូវប្រមូលផលស្រូវប្រាំង​មកដល់។

យោងតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត៦០ម៉ឺនតោន ​មានកំណើនប្រមាណ៦%​ ទទួលបានទឹកប្រាក់៤២០លានដុល្លារ ខណៈនាំចេញស្រូវវិញ ជិត៤លានតោន ​ទទួលបានទឹកប្រាក់ជាង ១១០០លានដុល្លារ​៕