(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំលើកទី៧ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), តំណាង Swisscontact Cambodia, តំណាងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD), តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងលើកទិសដៅដើម្បីបន្តអនុវត្តគម្រោង ១៖ការធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), ២៖ការធ្វើឌីជីថលនីយកម្មសម្រាប់កញ្ចប់បញ្ញើរហ័ស (DGT), និងពិនិត្យវឌ្ឍនភាពលើការអនុវត្តសាកល្បងមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា ដែលជាផ្នែកនៃគម្រោងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូចនិងមធ្យម (SeT4SME) ព្រមទាំងពិភាក្សាលើមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ដើម្បីធ្វើឌីជីថលនីយកម្មការបំពេញបែបបទបញ្ចេញទំនិញពីគយ។

នាឱកាសនោះ លោកបណ្ឌិត គុណ ញឹម បានលើកឡើងពីសារសំខាន់ នៃគម្រោងខាងលើ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាពិសេសនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing) ក្នុងទម្រង់អេឡិចត្រូនិក ដែលគ្រោងនឹងដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបណ្ឌិត ក៏បានរំលេចអំពីវឌ្ឍនភាពល្អប្រសើរនៃការដាក់ឲ្យដំណើរការសាកល្បង មុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ដែលលោកបណ្ឌិតបានចាត់ទុកថា ជាការចូលរួមថ្មីមួយទៀត ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ដល់ធុរជន ប្រតិបត្តិករពាក់ព័ន្ធ និងសាធារណជន។

បន្ថែមលើនេះ នីតិវិធីបំពេញបែបបទគយ ចំពោះបញ្ញើរហ័សក្នុងទម្រង់អេឡិចត្រូនិក ក៏គ្រោងដាក់ឲ្យដំណើរការនាខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ។ ទន្ទឹមនេះ លោកបណ្ឌិតក៏បានជម្រាបជូនអង្គប្រជុំថា ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ បានបញ្ចប់ការអភិវឌ្ឍ និងពង្រីកវិសាលភាពដាក់ឱ្យអនុវត្តសាកល្បងលើក្រសួង-ស្ថាប័នចំនួន ៦ បន្ថែមទៀត ក្នុងអំឡុងចុងខែធ្នូ ឆ្នាំ២០២៣នេះ។

បន្ទាប់មកតំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្តនាពេលខាងមុខ តាមគម្រោងនីមួយៗ។ តាមរយៈបទបង្ហាញ និងការពិភាក្សាអំពីគម្រោងទាំងអស់ខាងលើ អង្គប្រជុំបានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម និងការងារសេសសល់មួយចំនួន ដែលតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ និងអនុវត្តឲ្យបានទាន់ពេលវេលាកំណត់។

ក្រោយពីស្តាប់បទបង្ហាញរបស់តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការ លោកបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងបានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ ជាពិសេស GIZ / ARISE Plus និង Swisscontact Cambodia ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់ និងផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យគម្រោងទាំងនេះ អាចលេចចេញជារូបរាងបាន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមលោកបណ្ឌិត គុណ ញឹម ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ ដូចខាងក្រោម៖

* រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តគម្រោងខាងលើដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ
* ស្នើឲ្យ GIZ / ARISE Plus ចូលរួមក្នុងការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយ (Time Release Study - TRS) លើកទី៤ ឆ្នាំ២០២៣ ដែលការសិក្សាលើកទី៤នេះ មានវិសាលភាពគ្របដណ្តប់ទាំងលើការសិក្សារយៈពេល នៃការបំពេញបែបបទគយនៅមាត់ច្រកបំពេញបែបបទសំខាន់ៗ និងរយៈពេលនៃការស្នើសុំ និងទទួលបាន អាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតរបស់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន
* បន្តអនុវត្តការងារតាមផែនការ និងដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានចប់តាមការគ្រោងទុក។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ លោកបណ្ឌិត គុណ ញឹម បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ធិបឌិន្ទ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកស្រី Marianne Dumont អ្នកសម្របសម្រួលកម្មវិធីប្រព័ន្ធអាស៊ីគូដាសម្រាប់អាស៊ី នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (ASYCUDA Programme Coordinator for Asia - UNCTAD) ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក។

គួរបញ្ជាក់ថា លោកស្រី Marianne Dumont ជាស្ថាបនិកមួយរូបដែលបានចូលរួមក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធ ASYCUDA នៅកម្ពុជាតាំងពីឆ្នាំ២០០៦ រហូតដល់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០០៨។

បន្ទាប់ពីក្លាយជាអ្នកសម្របសម្រួលតំបន់របស់ UNCTAD/ASYCUDA សម្រាប់អាស៊ី ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីចាប់ពីឆ្នាំ២០១៨ លោកស្រី Marianne Dumont បានបំពេញបេសកកម្មក្នុងការវាយតម្លៃប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដោយបានលើកឡើងនូវអនុសាសន៍ជាធាតុចូល ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មថែមមួយកម្រិតទៀត៕