(ប៉េកាំង)៖ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងកាលពីថ្ងៃចន្ទ ការលក់រថយន្តនៅប្រទេសចិនត្រូវបានព្យាករថានឹងកើនឡើងដល់ ៣១លានគ្រឿងនៅឆ្នាំ២០២៤ កើនឡើង ៣ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលជាកំណើនមួយធ្លាក់ចុះពីកំណើនប្រមាណ ១១,៧ភាគរយពីឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។


ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់សមាគម CAAM ថា ការលក់រថយន្តដឹកអ្នកដំណើរត្រូវបានព្យាករថានឹងកើនឡើង ៣,១ភាគរយដល់ ២៦,៨លានគ្រឿងនៅឆ្នាំក្រោយ ដោយធ្លាក់ចុះពីកំណើន ១០,៣ភាគរយនៅឆ្នាំនេះ។

ទិន្នន័យបានបង្ហាញថា ការលក់រថយន្តថាមពលថ្មីត្រូវបានព្យាករថានឹងថមថយកំណើនមកនៅត្រឹម ២០ភាគរយនៅឆ្នាំ២០២៤ ធៀបនឹងកំណើន ៣៦,៥ភាគរយនៅឆ្នាំ២០២៣ ខណៈដែលការនាំចេញរថយន្តត្រូវបានព្យាករថានឹងកើនឡើងដល់ប្រហែល ៥,៥លានគ្រឿងកើនឡើងពី ៤,៨លានគ្រឿងនៅឆ្នាំនេះ។

លោក Xu Haidong មន្ត្រីជាន់ខ្ពស់ននៃសមាគម CAAM បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ទីផ្សាររថយន្តនឹងប្រឈមនឹងបញ្ហាធ្លាក់ចុះតម្រូវការ បញ្ហាផ្គត់ផ្គង់ និងការធ្លាក់ចុះការរំពឹងទុកនៅឆ្នាំ២០២៤៕