(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាររំពឹងថានឹងកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះក្នុងរយៈមួយឆ្នាំគិតត្រឹមខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។


កំណើនទាបនេះត្រូវបានធនាគារពិភពលោកលើកឡើងថាដោយសារតែ «ការថមថយកំណើនយ៉ាងទូលំទូលាយ» នៅទូទាំងវិស័យសំខាន់ៗរបស់មីយ៉ាន់ម៉ា រួមទាំងកសិកម្ម ផលិតកម្ម និងពាណិជ្ជកម្មផងដែរ។

ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះភាពចលាចលដ៏ធំចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដែលបានធ្វើកំណែទម្រង់យ៉ាងច្រើនមិនធ្លាប់មានពីមុនមកបន្ទាប់ពីស្ថិតនៅភាពឯកោជាច្រើនទសវត្សរ៍។

វិនិយោគិនមកពីប្រទេសលោកខាងលិចជាច្រើនបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ហើយការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយកំពុងជះឥទ្ធិពលលើពាណិជ្ជកម្ម ហើយវិស័យឯកជនកំពុងជួបការលំបាកក្នុងការទទួលបានរូបិយប័ណ្ណបរទេស ខណៈដែលទុនបម្រុងរូបិយប័ណ្ណបរទេសស្ថិតនៅក្រោមសម្ពាធ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់ធនាគារពិភពលោកថា៖ «កំណើនសេដ្ឋកិច្ចតិចតួចត្រូវបានរំពឹងថានឹងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលខ្លី ដោយសារការកើនឡើងជម្លោះ ការរំខានផ្នែកពាណិជ្ជកម្មនិងឡូជីស្ទិក ការប្រែប្រួលតម្លៃរូបិយប័ណ្ណក្យាត និងអតិផរណាខ្ពស់រួមគ្នាជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្ម និងគ្រួសារ»

ជម្លោះនេះកើតឡើងបន្ទាប់ពីមានការបង្រ្កាបដ៏ឃោរឃៅដោយក្រុមយោធាដែលបានជំរុញឱ្យមានចលនាតស៊ូដែលបានចូលរួមជាមួយក្រុមបះបោរជនជាតិភាគតិចមួយចំនួនដើម្បីព្យាយាមរារាំងរបបយោធា។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ២លាននាក់បានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នាគិតចាប់តាំងពីរដ្ឋប្រហារមក។

របាយការណ៍ដដែលនេះបានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាមានទំហំតូចជាងឆ្នាំ២០១៩ ចំនួន១០ភាគរយ ដែលធ្វើឱ្យប្រទេសនេះក្លាយជាសេដ្ឋកិច្ចតែមួយគត់នៅអាស៊ីបូព៌ាដែលមិនទាន់វិលត្រលប់ទៅរកកម្រិតមុនជំងឺរាតត្បាតរបស់ខ្លួននៅឡើយ។ យោងតាមរបាយការណ៍ដដែល តម្លៃទំនិញប្រើប្រាស់កើនឡើងជិត ២៩ភាគរយក្នុងរយៈពេល ១២ខែគិតត្រឹមដំណាច់ខែមិថុនា។

លោកស្រី Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវបានមានប្រសាសន៍ថា៖ «អតិផរណាតម្លៃម្ហូបអាហារខ្ពស់បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរជាពិសេសទៅលើប្រជាជនក្រីក្រ»៕