(ហាណូយ, វៀតណាម)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅដ៏ប្រសើរ សម្រាប់វិនិយោគិនបរទេស ដែលមានបំណងស្វែងរកទីផ្សារទូលាយ គោលនយោបាយអំណោយផល និងកំណើនសក្ដានុពល។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួមក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

ពិធីនេះរៀបចំឡើង នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា គឺជាគោលដៅដ៏ប្រសើរ សម្រាប់វិនិយោគិនបរទេស ដែលមានបំណងស្វែងរកទីផ្សារទូលាយ គោលនយោបាយអំណោយផល និងកំណើនសក្ដានុពល។ កម្ពុជាបានបង្ហាញឲ្យឃើញពីភាពធន់នឹងវិបត្តិ សម្របទៅនឹងជំងឺរីករាលដាលជាសាកលកូវីដ-១៩ និងភាពតានតឹងពាណិជ្ជកម្មជាសាកល»

បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា វៀតណាម និងកម្ពុជា មានមិត្តភាព និងសាមគ្គីភាពជាប្រវត្តិសាស្ត្រ និងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនងទ្វេភាគី បន្តរឹងមាំ និងអភិវឌ្ឍន៍រួមគ្នា លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្មនិងវិនិយោគ។

អ្នកឧកញ៉ាបានបន្ដថា ចំណងទាក់ទងខាងផ្នែកសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ បាននិងកំពុងរីកចម្រើនគួរកត់សម្គាល់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកិច្ចប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចរបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានគូសរំលេចថា នាអនាគតវិស័យមួយចំនួន ផ្តល់នូវកាលានុវត្តភាពដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ និងវិនិយោគរួមគ្នា៖

* វិស័យកសិកម្ម៖ ប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាកសិកម្ម របស់វៀតណាម និងដីដ៏មានជីជាតិរបស់កម្ពុជា ក្នុងការជំរុញផលិតភាព កសិកម្ម និងសន្តិសុខស្បៀង។

* ទេសចរណ៍៖ ជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍វិស័យទេសចរណ៍ដោយប្រើប្រាស់ នូវភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ និង សម្រស់ធម្មជាតិ របស់ប្រទេសទាំងពីរ ដើម្បីទាក់ទាញ ទេសចរណ៍អន្តរជាតិ។

* ហេដ្ឋារចនាសម្ព័ន្ធ៖ វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវ ស្ពាន និងខ្សែបញ្ជូនថាមពល ជាដើម ដើម្បីលើកកម្ពស់ការតភា្ជប់ និងលំហូរពាណិជ្ជកម្ម។

* បច្ចេកវិទ្យា៖ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង ផ្នែកឌីជីថល និងគាំទ្រដល់ការរីកចម្រើន ក្នុងឧស្សាហកម្មនវានុវត្តន៍របស់ប្រទេសទាំងពីរ។

* ការអប់រំ និងបណ្តុះបណ្តាល៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការកម្មវិធីអប់រំ និងបណ្ដុះបណ្ដាល ដល់កម្លាំងពលកម្មប្រទេសទាំងពីរ ឲ្យមានជំនាញចាំបាច់នានា ស្របតាមសេដ្ឋកិច្ចសាកលភាវូបនីយកម្ម។

អ្នកឧកញ៉ាបន្ថែមថា វិស័យទាំងអស់នេះ គ្រាន់តែជាវិស័យសក្តានុពលមួយចំនួនប៉ុណ្ណោះ ដែលអាចសហការ និងទទួលបានផលប្រយោជន៍ទៅវិញទៅមក ហើយអ្នកឧកញ៉ាជឿថា នៅមានកាលានុវត្តភាពជាច្រើនទៀត ដែលអាចស្វែងរក និងទាញយកប្រយោជន៍ព្រោះកម្ពុជា-វៀតណាម មានទស្សនវិស័យ និងសេចក្តីប្រាថ្នាដូចគ្នា ចង់បានសន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅដ៏ប្រសើរ សម្រាប់វិនិយោគិនបរទេស ស្វែងរកទីផ្សារទូលាយ គោលនយោបាយអំណោយផលពល និងកំណើនសក្ដានុពល។ កម្ពុជាបានបង្ហាញឲ្យឃើញពីភាពធន់នឹងវិបត្តិ សម្របទៅនឹង ជំងឺរីករាលដាលជាសាកលកូវីដ-១៩ និង ភាពតានតឹងពាណិជ្ជកម្មជាសាកល។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងថា ច្បាប់វិនិយោគថ្មី ត្រូវបានចូលជាធរមាននៅឆ្នាំ២០២១ ដែលផ្តល់នូវក្របខណ្ឌគតិយុត្តច្បាស់លាស់ និងពេញលេញ សម្រាប់ការវិនិយោគនៅកម្ពុជា។ ច្បាប់នេះ ផ្តល់នូវការលើកទឹកចិត្ត ការធានា និងការការពារ ជាច្រើនសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេលវែង ឆ្ពោះទៅសម្រេចឲ្យបាន កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែន បានជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម ឲ្យកាន់តែច្រើន ជាពិសេសរៀបចំវេទិកាធុរកិច្ច ជំរុញវិនិយោគ និងពាណិជ្ជកម្មឲ្យបានមួយឆ្នាំ ចំនួន២ដង និងបានឯកភាពគ្នា ចំពោះវិស័យទេសចរណ៍ ដោយកំណត់ប្រទេស៣ គោលដៅតែមួយ រួមមាន៖ កម្ពុជា, វៀតណាម និងឡាវ។

អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា ក្នុងឱកាសនេះក៏មានការចុះកិច្ចព្រមព្រៀង រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម ហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យសភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរ សហការគ្នា ដើម្បីជំរុញផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ច រវាងប្រទេសទាំងពីរផងដែរ៕