(កង់បេរ៉ា)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងកសិកម្មអូស្ត្រាលីបានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសចិនបានដកចេញវិធានការរឹតបន្តឹងលើការនាំចូលសាច់ពីទីសត្តឃាតចំនួនបីនៅក្នុងប្រទេសអូស្ត្រាលី ដែលជាសញ្ញាចុងក្រោយនៃការធ្វើឱប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសចិនបានដាក់របាំងនាំចូលទំនិញរបស់អូស្ត្រាលី រួមទាំងធ្យូងថ្ម ឈើ និងស្រូបាឡេ បន្ទាប់ពីអូស្ត្រាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតរកប្រភពដើមនៃមេរោគដែលបង្កជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០។ ការរឹតបន្តឹងត្រូវបានដាក់លើទីសត្តឃាតចំនួនបីក្នុងឆ្នាំ២០២០ និង២០២២ បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដក្នុងចំណោមកម្មកររបស់ទីសត្តឃាតទាំងនេះ។

ការរឹតបន្តឹងទាំងនេះភាគច្រើនត្រូវបានដកចេញចាប់តាំងពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋាភិបាលនៅទីក្រុងកង់បេរ៉ាកាលពីឆ្នាំមុន។ ប្រទេសចិនគឺជាអតិថិជនធំបំផុតដែលទិញសាច់ចៀមរបស់អូស្ត្រាលីនៅក្រៅប្រទេស និងជាអ្នកទិញសាច់គោធំបំផុតទីបួន ដោយកាលពីឆ្នាំមុន ចិនបាននាំចូលសាច់ចៀមតម្លៃជាង ១ពាន់លានដុល្លារ និងសាច់គោមានតម្លៃ ២៧០លានដុល្លារ។

ខណៈពេលដែលពាណិជ្ជកម្មទំនិញផ្សេងទៀតបានដួលរលំដោយសារតែពន្ធគយ ឬរបាំងពាណិជ្ជកម្មផ្សេងទៀត ទីសត្តឃាតអូស្ត្រាលីជាច្រើននៅតែអាចនាំចេញសាច់ទៅកាន់ប្រទេសចិន ហើយបរិមាណនាំចេញមានការប្រែប្រួលតិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មអូស្រ្តាលីបានឱ្យដឹងថា ទីភ្នាក់ងារគយរបស់ប្រទេសចិនបានប្រកាសពីការដកការរឹតបន្តឹងលើការនាំចេញនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Don Farrell ត្រូវបាដកស្រង់សម្ដីដោយរ៉យទ័រថា៖ «នេះគឺជាជំហានវិជ្ជមានមួយផ្សេងទៀតឆ្ពោះទៅរកស្ថិរភាពនៃទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន»។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹង «បន្តដាក់ជំរុញឱ្យមានការដកចេញឧបសគ្គពាណិជ្ជកម្មដែលនៅសេសសល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

លោក Murray Watt រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្រ្តាលីបានថ្លែងថា៖ «នេះជាដំណឹងស្វាគមន៍យ៉ាងខ្លាំងសម្រាប់កសិករអូស្ត្រាលី និងក្រុមហ៊ុនកែច្នៃសាច់»