(ហ្សាការតា)៖ ក្រុមហ៊ុនចិន TikTok បានយល់ព្រមចំណាយប្រាក់ចំនួន ៨៤០លានដុល្លារអាមេរិក ដើម្បីទិញអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិក Tokopedia របស់ក្រុមហ៊ុនបច្ចេកវិទ្យា GoTo របស់ឥណ្ឌូណេស៊ី ជាវិធនាការមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទំនិញអនឡាញឡើងវិញនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍បឲនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន TikTok នឹងវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារ Tokopedia ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីដែលនាំឱ្យការចំណាយសរុបមានចំនួន ១,៥ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន TikTok បានបង្ខំចិត្តឱ្យបិទសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចថ្មីរបស់ខ្លួនដែលមានឈ្មោះថា TikTok Shop នៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការទិញទំនិញអនឡាញនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីខែកញ្ញា ដោយលើកឡើងពីតម្រូវការការពារពាណិជ្ជករតូចៗ និងទិន្នន័យរបស់អ្នកប្រើប្រាស់។

យោងតាមរ៉យទ័រ ភាពជាដៃគូថ្មីនេះនឹងចាប់ផ្តើមជាមួយនឹងរយៈពេលសាកល្បងដែលធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងដិតដល់និងការត្រួតពិនិត្យដោយនិយតករពាក់ព័ន្ធ។
លោក Patrick Walujo នាយកប្រតិបត្តិ GoTo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងកំពុងបង្កើតជើងឯកពាណិជ្ជកម្មអេឡិចត្រូនិចរបស់ឥណ្ឌូណេស៊ី ដោយរួមបញ្ចូលគ្នានូវវត្តមានក្នុងស្រុកដ៏រឹងមាំរបស់ Tokopedia ជាមួយនឹងទីផ្សារដ៏ធំរបស់ TikTok និងជំនាញបច្ចេកវិទ្យា»

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ ក្រុមហ៊ុន GoTo ស្ថិតនៅលើមូលដ្ឋានរឹងមាំជាងមុន ហើយយើងរំពឹងថាភាពជាដៃគូនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនមិនត្រឹមតែសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេវាកម្មតាមតម្រូវការរបស់យើង និងអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ»

អាជីវកម្មរបស់ក្រុមហ៊ុន GoTo រួមមានសេវាកក់តាក់ស៊ី ការដឹកជញ្ជូន និងសេវាកម្មហិរញ្ញវត្ថុ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិននឹងទិញភាគហ៊ុន ៧៥,១ភាគរយនៃក្រុមហ៊ុន Tokopedia ហើយចាក់បញ្ចូលអាជីវកម្មរបស់ TikTok Shop នៅឥណ្ឌូណេស៊ីរបស់ក្រុមហ៊ុន TikTok ទៅក្នុង Tokopedia ដើម្បីប្រែក្លាយជាងទីផ្សារដ៏ធំមួយ។

ប្រជាជនជាច្រើនក្នុងចំណោមឥណ្ឌូនេស៊ីជាង ២៧០លាននាក់គឺជាអ្នកប្រើប្រាស់បណ្តាញសង្គមសកម្ម ហើយ TikTok បាននិងកំពុងប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ចំនួន ១២៥លាននាក់របស់ខ្លួននៅប្រទេសនេះទៅជាប្រភពចំណូលដ៏សំខាន់នៃពាណិជ្ជកម្មអេឡិចត្រូនិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕