(ហ្សឺណែវ)៖ អង្គការសិន្នសីទពាណិជ្ជកម្មនិងអភិវឌ្ឍន៍សហប្រជាជាតិ (UNCTAD) បានឱ្យដឹងថា ពាណិជ្ជកម្មសកលនឹងធ្លាក់ចុះប្រហែល ៥% នៅឆ្នាំ២០២៣ ពីកំណើនខ្ពស់បំផុតកាលពីឆ្នាំមុន ដោយសារការចំណាយលើប្រាក់កម្ចីខ្ពស់ដាក់បន្ទុកលើសេដ្ឋកិច្ច ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនបង្វែរខ្សែច្រវាក់ផ្គត់ផ្គង់ និងដោយសារគោលនយោបាយជាច្រើនទៀតដែលរឹតបន្តឹងពាណិជ្ជកម្មឆ្លងព្រំដែន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយអង្គការ UNCTAD ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា តម្លៃពាណិជ្ជកម្មទំនិញ និងសេវាកម្មនឹងកើនឡើងដល់ ៣០,៧ពាន់ពាន់លានដុល្លារបើធៀបនឹង ៣២,២ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ការធ្លាក់ចុះពាណិជ្ជកម្មទំនិញចំនួន ២ពាន់ពាន់លានដុល្លារ ឬស្មើនឹងធ្លាក់ចុះ ៨% នៃពាណិជ្ជកម្មទំនិញគឺជាហេតុផលចម្បងដែលបណ្តាញឱ្យពាណិជ្ជកម្មពិភពលោកថយចុះ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ពាណិជ្ជកម្មសេវាកម្មនៅឆ្នាំនេះនឹងកើនឡើង ៥០០ពាន់លានដុល្លារ ឬប្រហែល ៧% ធៀបនឹងឆ្នាំមុន។

ការចំណាយកាន់តែទាបសម្រាប់ទំនិញ ដែលរងផលប៉ះពាល់ដោយសារអតិផរណាខ្ពស់កាលពីឆ្នាំមុនក៏ជាហេតុផលដែលបង្ករឱ្យពាណិជ្ជកម្មធ្លាក់ចុះផងដែរ។ របាយការណ៍នេះបានឱ្យដឹងទៀតថា៖ «ទោះបីជាតម្លៃទំនិញដែលត្រូវបានជួញដូរបានធ្លាក់ចុះនៅឆ្នាំ២០២៣ ក៏ដោយ ក៏និន្នាការវិជ្ជមានតិចតួចនៃទំហំពាណិជ្ជកម្មអន្តរជាតិបង្ហាញពីតម្រូវការសកលដែលមានភាពធន់ទៅនឹងផលិតផលនាំចូល»។

អង្គការ UNCTAD បានកត់សម្គាល់ពីរបៀបដែលប្រទេសនានាដែលមានភាពត្រូវគ្នាខាងផ្នែកភូមិសាស្ត្រនយោបាយកំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយគ្នាទៅវិញទៅមក ខណៈដែលប្រទេសផ្សេងទៀតដែលមិនចុះសម្រុងគ្នាកំពុងធ្វើពាណិជ្ជកម្មទ្វេភាគីកាន់តែតិច។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបានឱ្យដឹងទៀតថា ភាពខុសគ្នាក្នុងចំណោមបញ្ហាជាច្រើនធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យពាណិជ្ជកម្មសម្រាប់ឆ្នាំក្រោយ។

របាយការណ៍នេះបានបន្តថា៖ «ការព្យាករសម្រាប់ពាណិជ្ជកម្មពិភពលោកនៅតែមានភាពមិនប្រាកដប្រជាខ្លាំង ហើយជាទូទៅមានទុទិដ្ឋិនិយម»។ របាយការណ៍នេះបានបន្ថែមថា៖ «ខណៈពេលដែលសូចនាករសេដ្ឋកិច្ចមួយចំនួនបង្ហាញពីភាពប្រសើរឡើងដែលអាចកើតមាន ភាពតានតឹងភូមិសាស្ត្រនយោបាយរ៉ាំរ៉ៃ កម្រិតបំណុលខ្ពស់ និងភាពផុយស្រួយផ្នែកសេដ្ឋកិច្ចដែលរីករាលដាលត្រូវបានរំពឹងថានឹងបញ្ចេញឥទ្ធិពលអវិជ្ជមានលើគំរូពាណិជ្ជកម្មសកល»៕