(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ខណៈមានការព្រួយបារម្ភជុំវិញការផ្គត់ផ្គង់ប្រេងលើសកម្រិត បើទោះបីជាមានការកាត់បន្ថយផលិតកម្មប្រេងឆៅដោយអង្គការ OPEC + និងកំណើនតម្រូវការប្រេងថយចុះនៅឆ្នាំក្រោយក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ៤៣សេនមកនៅត្រឹម ៧៥,៤១ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃចន្ទ ខណៈដែលតម្លៃប្រេង West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ៤៧សេនមកនៅត្រឹម ៧០,៧៦ដុល្លារ។

ទោះបីជាមានការសន្យាដោយក្រុមអង្គការ OPEC+ ថានឹងកាត់បន្ថយផលិតកម្មប្រេងឆៅ ២,២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងត្រីមាសទី១ ឆ្នាំក្រោយក្ដី ក៏វិនិយោគិនប្រេងនៅតែមានមន្ទិលចំពោះការអនុលោមតាមការប្តេជ្ញាចិត្តនេះ។

កំណើនទិន្នផលនៅក្នុងបណ្តាប្រទេសមិនមែនជាសមាជិករបស់អង្គការ OPEC ត្រូវបានរំពឹងថានឹងនាំឱ្យមានការផ្គត់ផ្គង់លើសនៅឆ្នាំក្រោយ។

ក្រុមហ៊ុន RBC Capital Markets រំពឹងថាស្តុកប្រេងឆៅនឹងធ្លាក់ចុះចំនួន ៧សែនបារ៉ែលក្នុងមួយថ្ងៃក្នុងឆមាសទីមួយឆ្នាំក្រោយ ប៉ុន្តែសម្រាប់រយៈពេលពេញមួយឆ្នាំវិញ នឹងធ្លាក់ចុះតែ ១៤ម៉ឺនបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕