(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មចិននៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ហើយបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wang Wentao បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីរួមគ្នាលើកកម្ពស់កម្មវិធីវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់និងផ្លូវរបស់ចិន និងគំនិតផ្តួចផ្តើម «ចក្ខុវិស័យឆ្នាំ២០៣០» របស់អារ៉ាប៊ីសាអូឌីត។

លោក Wang បានបន្ថែមថា ប្រទេសទាំងពីរក៏នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាផងដែរ។ ការថ្លែងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងវិនិយោគអារ៉ាប៊ីសាអូឌីត Khalid Al-Falih។

គំនិតផ្តួចផ្តើម «ចក្ខុវិស័យឆ្នាំ២០៣០» មានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតក្នុងពិភពលោកឱ្យងាកឆ្ងាយពីប្រាក់ចំណូលពឹងផ្អែកលើសអ៊ីដ្រូកាបូន និងរួមបញ្ចូលទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្តោតការយកចិត្តទុកដាក់លើវិស័យឯកជន។

លោក Al-Falih ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន លោក Jin Zhuanglong ផងដែរ។

យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន លោក Jin បានថ្លែងថា ប្រទេសចិនបានបើកទូលាយក្នុងការធ្វើការជាមួយប្រទេសអារ៉ាប៊ីសាអូឌីតលើយានជំនិះថាមពលថ្មី យន្តហោះ បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ (photovoltaics) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកលផងដែរ។

ទំនាក់ទំនងរវាងចិនជាមួយអារ៉ាប៊ីសាអូឌីតកាន់តែស៊ីជម្រៅនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីខែមិថុនាថា ប្រទេសរបស់លោកនឹងស្វែងរកកិច្ចសហការ ជាមួយចិន មិនមែនប្រកួតប្រជែងជាមួយគ្នានោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕