(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ចំនួន ២០ ៤៩៤លានដុល្លារ កើនឡើង ១.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២មានចំនួន ២០ ២៤៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍នាំចេញនាំចូលទំនិញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រាប់បានទឹកប្រាក់ ៤២ ៥០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ ២០ ៤៩៤លានដុល្លារ កើនឡើង ១.២ភាគរយ ខណនាំចូលវិញមានទឹកប្រាក់ ២២ ០០៦លានដុល្លារ ធ្លាក់ចុះ៥.៤ភាគរយ ។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិនមានតម្លៃជាង ១ពាន់លានដុល្លារ កើតឡើង ១៨.៥ភាគរយ, សហរដ្ឋអាមេរិកមានតម្លៃជាង ៨ពាន់លានដុល្លារ ថយចុះ ០.៩ភាគរយ, វៀតណាម មានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ៣៧.៨ភាគរយ, ជប៉ុនមានតម្លៃជាង ១ពាន់លានដុល្លារ ថយចុះ ០.៣ភាគរយ, ថៃមានតម្លៃជាង ៧៥៤លានដុល្លារ ថយចុះ០.២ភាគរយ រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត៕