(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនិងប៉ាពូអាស៊ីនូវែលហ្គីណេកាលពីថ្ងៃសុក្របានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តកិច្ចសហប្រតិបត្តិការឥណទានកាបូន ដែលនឹងជួយប្រទេសទាំងពីរឆ្ពោះទៅរកការសម្រេចបានគោលដៅអាកាសធាតុរបស់ខ្លួន។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងនិរន្តរភាពនិងបរិស្ថានសិង្ហបុរី និងលោក Simo Kilepa រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិរក្ស និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងអំឡុងកិច្ចប្រជុំ COP27 កាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ក្រសួងនិរន្តរភាពនិងបរិស្ថាន (MSE) និងលេខាធិការដ្ឋានការប្រែប្រួលអាកាសធាតុជាតិ (NCCS) របស់ប្រទេសសិង្ហបុរីបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយថា កិច្ចព្រមព្រៀងនេះក៏ជាកិច្ចព្រមព្រៀងអនុវត្តលើកដំបូងផងដែរសម្រាប់ប្រទេសសិង្ហបុរី។

កិច្ចព្រមព្រៀងនេះចែងអំពីក្របខណ្ឌនិងដំណើរការចងភ្ជាប់កាតព្វកិច្ចស្របច្បាប់សម្រាប់ការបង្កើតនិងការផ្ទេរឥណទានកាបូនជាអន្តរជាតិរវាងប្រទេសសិង្ហបុរី និងប៉ាពូអាស៊ីនូវែលហ្គីណេ។

ទីភ្នាក់ងារទាំងពីរបានឱ្យដឹងថា៖ «កិច្ចសហការនេះនឹងជំរុញឱ្យមានមហិច្ឆតាអាកាសធាតុរបស់ប្រទេសទាំងពីរ និងជួយដល់ការផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយបន្ថែមទៀតតាមរយៈគម្រោងឥណទានកាបូនដែលបើគ្មានកិច្ចព្រមព្រៀងនេះទេកិច្ចការនេះនឹងមិនអាចធ្វើទៅបានឡើយ»។

ទីភ្នាក់ងារទាំងពីរបានបន្ថែមថា៖ «គម្រោងឥណទានកាបូនដែលត្រូវបានអនុញ្ញាតស្ថិតក្រោមកិច្ចព្រមព្រៀងអនុវត្តនេះក៏នឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតអត្ថប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋាន ដូចជាការបង្កើតការងារ ការទទួលបានទឹកស្អាត ការកែលម្អសន្តិសុខថាមពល និងការកាត់បន្ថយការបំពុលបរិស្ថានងផងដែរ»